(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាកលវិទ្យាល័យស្វាយរៀង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរពេទ្យខេត្តស្វាយរៀង បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»។
ក្នុងនោះ មានការចូលរួមពី លោក ឡឹក វីរៈ សាកលវិទ្យាធិការរង នៃសកលវិទ្យាល័យស្វាយរៀង ព្រះសង្ឃ លោក លោកស្រី ព្រឹទ្ធបុរស គ្រប់មហាវិទ្យាល័យ លោក ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូពេទ្យបង្អែកខេត្ត និងយុវជន.ស.ស.យ.ក.ខេត្ត និស្សិតសាកលវិទ្យាល័យស្វាយរៀង។
លោកប្រធានមន្ទីរពេទ្យខេត្ត បានបញ្ជាក់ថា ការបង្កើតឲ្យមានការបរិច្ចាគនៅថ្ងៃនេះ ក្នុងគោលបំណងស្វែងរក សមាជិកដែលមាន ចិត្តសប្បុរសធម៌មករួមចំណែក ក្នុងសកម្មភាពបរិច្ចាគឈាម ក៏ដូចជាចែករំលែកនូវក្តីស្រលាញ់ ក្នុងថ្ងៃ១៤ កុម្ភៈ ហើយក៏ជាចលនា បង្កើតធនាគារឈាមរស់ សម្រាប់ត្រៀមជួយសង្គ្រោះបន្ទាន់ៗ នៅពេលត្រូវការចាំបាច់ ដែលតំរូវឲ្យយើងមកបំពេញភារៈនៅពេលនេះ។
ក្នុងនាមប្រធានមន្ទីរពេទ្យខេត្ត សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួម ជាមួយសកម្មភាពមនុស្សធម៌ ដោយការបរិច្ចាគឈាម ដើម្បីការងារសង្គម នឹងការជួយផ្តល់ជីវិតថ្មី ដល់មនុស្សជាតិ ដែលជួបគ្រោះថ្នាក់សង្គមផ្សេងៗ ហើយត្រូវការឈាម៕