(ភ្នំពេញ)៖ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) បានអះអាងថា ខ្លួនបានអនុវត្តការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់មុខសញ្ញាបានត្រឹមត្រូវ និងជោគជ័យតាមបទបញ្ជានានារបស់រាជរដ្ឋាភិបាល ខណៈតួលេខពាក់ព័ន្ធនឹងករណីបាតុកម្ម កូដកម្មកើតឡើងប៉ុន្មានករណី ហើយដោះស្រាយបានប៉ុន្មានករណីនោះ គ.ក.ប មិនអាចបញ្ជាក់បាននោះឡើយ។
នៅកិច្ចប្រជុំគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា លើកទី១ ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា កន្លងមកនេះយើងពិតជាមានមោទនៈភាពណាស់ដែលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញារបស់យើងទាំងនៅថ្នាក់ជាតិ និងតាមរាជធានីខេត្ត បានចូលរួមអនុវត្តប្រកប ដោយជោគជ័យនូវតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ជាពិសេសបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ ស្តីពីការអនុវត្តផែនការស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩ បទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០៣ ស្តីពីការរក្សាការពារសន្តិសុខ សណ្តាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មការអនុវត្តនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ១០ ស្តីពីការប្រគល់ភារៈកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ជួយសម្របសម្រួលការគ្រប់គ្រងរោងចក្រ សហគ្រាស ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានី-ខេត្ត។
ទន្ទឹមនឹងនេះ គ.ក.ប ក៏បានរៀបចំ និងពង្រឹងយន្តការរបបស់ខ្លួននៅតាមគ្រប់មុខសញ្ញា និងបានយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល កសាងសមត្ថភាពប្រតិបត្តិការ និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច។
លោករដ្ឋមន្ត្រីបានបន្តថា គ.ក.ប ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងបានទប់ស្កាត់ និងដោះស្រាយដោយជោគជ័យនូវសកម្មភាពបាតុកម្មនយោបាយរបស់ក្រុមជ្រុលនិយមបដិវត្តពណ៌ ដែលមានការគាំទ្រ និងលើកទឹកចិត្តពីបណ្តាមជ្ឈដ្ឋានខាងក្រៅ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់យកសន្តិភាពជាមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តភាព និងបរិយាប័ន្ន។
រាជរដ្ឋាភិបាលបានអនុវត្តដោយពេញលេញនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ការជួបជុំដើម្បីធ្វើកូដកម្ម បាតុកម្មស្របទៅតាមច្បាប់ជាធរមាន។ កម្ពុជានៅតែបន្តធ្វើដំណើរឆ្ពោះទៅមុខយ៉ាងត្រឹមត្រូវតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការប្រព្រឹត្តទៅនៃនីតិរដ្ឋ សិទ្ធិសេរីភាពរបស់បុគ្គល សេរីភាពខាងសារព័ត៌មាន និងការបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្ម សកម្មភាពនៃបណ្តាគណបក្សនយោបាយអង្គការសង្គមស៊ីវិល និងសហជីព ការចូលរួមរបស់ប្រជាពលរដ្ឋជាដើម ត្រូវបានគោរព និងការពារ។
ដូចនេះ គ.ក.ប ត្រូវតែបន្តអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការដឹកនាំបញ្ជាបំពេញភារកិច្ច ដើម្បីធានាសន្តិភាព ស្ថិរភាពនយោបាយ ទប់ស្កាត់សកម្មភាពពិសពុលខាងលើ និងបន្តរក្សាបរិយាកាសនយោបាយ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ១០ បទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ និង ០៣ ហើយផែនការនេះនឹងធ្វើការកែលម្អ និងកាន់តែមុតស្រួច សម្រាប់ឆ្នាំ២០២០-២០២៤បន្តទៀត៕