(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អមដំណើរដោយអភិបាលរង លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ព្រមទាំងអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត បានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីទទួលស្វាគមន៍ និងជូនដំណើរក្រុមភ្ញៀវទេសចរទាំង ១៤១នាក់ នៅលើកប៉ាល់ Westerdam ដែលជាក្រុមជើងទី២។
សូមបញ្ជាក់ថា ក្រុមភ្ញៀវទេសចរនៅលើនាវា Westerdam ចំនួន១១៩នាក់ ជាក្រុមជើងទី១ បានធ្វើដំណើរតាមយន្ដហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ នៅវេលាថ្ងៃត្រង់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៩៖២០នាទីព្រឹកមិញ ហើយនៅរសៀលថ្ងៃដដែលនេះ ក្រុមទី២ ដែលមានជាង ១០០នាក់ផងដែរនោះ ក៏បានធ្វើដំណើរចេញពីខេត្តព្រះសីហនុ និងបន្ដចាកចេញតាមព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីកំណើតរបស់ពួកគេវិញ។
បើតាមអាជ្ញាធរខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃនេះអ្នកដំណើរដែលជិះលើនាវា WESTERDAM ចំនួន៤១៧នាក់ ចាកចេញពីប្រទេសកម្ពុជា តាមជើងយន្តហោះទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។
អ្នកដំណើរទាំង ៤១៧នាក់នេះ ត្រូវបានចែកចេញជា៣ជើងយន្តហោះ ដែលពីរជើងហោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបបន្តហោះទៅកាន់ប្រទេសសង្ហបុរី រួចបន្តតាម ជើងហោះហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន។ ចំណែកជើងហោះហើរមួយជើងទៀត គឺត្រូវហោះពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសរបស់ពួកគាត់តែម្តង។
សូមជម្រាបថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ប៉ុន្តែនៅទីបំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យនាវាអាមេរិកមួយនេះ ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ។
យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕