(ភ្នំពេញ)៖ លោក ស្រី កុយ ពិសី អនុប្រធានគណៈកម្មការព្រំដែនកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បង្គោលព្រំដែនកម្ពុជា-វៀតណាម ចំនួន១៣៣បង្គោល ដែលនៅខេត្តរតនគិរី កម្ពុជា និងខេត្តយ៉ាឡាយ-កន្ទុំ វៀតណាម ត្រូវបានសង់រួចរាល់ហើយ។ បង្គោលព្រំដែនទាំងនោះ ត្រូវបានប្រគល់ឲ្យអាជ្ញាធរខេត្តតរនគីរី និងស្ថាប័នពាក់ព័ន្ធគ្រប់គ្រង និងថែរក្សាឱ្យបានស្ថិតស្ថេរ។
ពិធីប្រគល់បង្គោលព្រំដែនឱ្យភាគីពាក់ព័ន្ធថែរក្សានេះ បានធ្វើឡើងក្នុងកិច្ច ប្រជុំពិភាក្សារវាង លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ជាមួយ លោក ថង សាវុន អភិបាលខេត្តរតនគីរី និងជាប្រធានអនុគណៈកម្មាធិការព្រំដែនខេត្ត និងនាយឧត្តមសេន៍យ៍ឯក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការ បញ្ជាការដ្ឋានកង វិស្វកម្មក្រសួងការពារជាតិ ដែលជាអ្នកទទួលបន្ទុកសាងសង់បង្គោលព្រំដែនកម្ពុជា-វៀតណាម នៅសាលាខេត្តរតនគីរី នាថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមលោកស្រី កុយ ពិសី, នៅខេត្តរនគីរី ប្រទេសកម្ពុជា និងខេត្តយ៉ាឡាយ-កន្ទុំ ប្រទេសវៀតណាម មានខ្សែព្រំដែនប្រវែងប្រមាណជាង ២១៦គីឡូម៉ែត្រ មានបង្គោលព្រំដែនធំចំនួន៤០បង្គោល ក្នុងនោះភាគីទាំងពីរ បានឯកភាពបោះបង្គោលព្រំដែនធំបានចំនួន ៣១បង្គោល និងបង្គោលព្រំដែនបំពេញបន្ថែម បានចំនួន ៨២បង្គោល នៅតំបន់ឯកភាពគ្នា។
ប្រទេសកម្ពុជា-វៀតណាម មានព្រំដែនដីគោករួមគ្នា ប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនរួមគ្នា ចំនួន៣១៤បង្គោល។ មកដល់ពេលបច្ចុប្បន្ននេះ ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ៨៤ភាគរយហើយ។
ភាគីទាំងពីរបានប្តេជ្ញាចិត្តថា នឹងខិតខំបញ្ចប់បង្គោលព្រំដែន ហើយអភិវឌ្ឍតំបន់ព្រំដែនេះ ឱ្យក្លាយជាតំបន់សន្តិភាព និងមានការរីកចម្រើន ដែលផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចទៅវិញទៅមក៕