(ភ្នំពេញ)៖ ចំថ្ងៃនៃពិធីបុណ្យនៃក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមហ៊ុន SKS Electronics បានបើកសម្ពោធមជ្ឈមណ្ឌលលក់សម្ភារអេឡិចត្រូនិចទំនើប SKS ដែលមានទីតាំងនៅលើផ្លូវ២០០៤ ក្បែរស្តុបណូគៀរ។
មជ្ឈមណ្ឌលថ្មីនេះ គឺមានតាំងលក់នៅផលិតផលអេឡិចត្រូនិចទំនើបៗដូចជា៖ ទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មី គ្រឿងបរិក្ខាប្រើប្រាស់នៅក្នុងផ្ទះ ទូរទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និងសម្ភារផ្ទះបាយជាច្រើនមុខផ្សេងទៀត។
បើតាមលោក ឡាក់ ឧសភាណ ប្រធានគ្រប់គ្រងក្រុមហ៊ុន អេស ខេ អេស បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងពិធីសម្ពោធថា ដោយឃើញនូវសន្ទុះនៃការរីកចម្រើនគ្រប់វិស័យ ជាពិសេសផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិច ធ្វើឱ្យមានការពេញនិយមខ្លាំងសម្រាប់ការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិច របស់ប្រជាជនកម្ពុជា ហើយឧបករណ៍វៃឆ្លាតទាំងនោះ ក៏បានជួយសម្រួលដល់ការរស់នៅក្នុងគ្រួសារ ឱ្យកាន់តែមានភាពងាយស្រួល និងស៊ីវិល័យប្រកបដោយផាសុកភាព សុវត្ថិភាព និងជួយសន្សំសំចៃ។
លោក ឡាក់ ឧសភាណ បានបន្តថា គោលដៅអាជីវកម្មរបស់ អេស ខេ អេស គឺនាំយកមកនៅផលិតផលអេឡិចត្រូនិចទំនើប ដែលមានគុណភាព សុវត្ថិភាព និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាកម្មជូនអតិថិជនជាចម្បងផងដែរ។ បន្ថែមទៅទៀតនេះ តាំងនាមជាតំណាងក្រុមហ៊ុន អេស ខេ អេស អេឡិចត្រូនិច ក៏សូមអរគុណទៅដល់ដៃគូអាជីវកម្ម តំណាងក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលជានិច្ចកាលតែងតែផ្ដល់ នៅសេចក្ដីទុកចិត្ត និងបន្តបង្កើនកិច្ចសហការរួមគ្នា ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា នៅចំពេលដែលប្រទេសកម្ពុជា កំពុងវិវឌ្ឍន៍ និងមានភាពរីកចំរើនលើគ្រប់វិស័យ៕