(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF Cambodia) នឹងប្រារព្ធទិវា «ស្រោមអនាម័យអន្តរជាតិ២០២០» នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ដើម្បីបង្ហាញឱ្យពិភពលោកបានដឹងថា ស្រោមអនាម័យតែងតែទាន់សម័យ និងហេតុអ្វីបានជាយើងត្រូវការតស៊ូមតិជាបន្ទាន់ ក្នុងការលើកកម្ពស់ដល់ការទទួលបាន ស្រោមអនាម័យឲ្យកាន់តែប្រសើរឡើង នៅក្នុងថ្ងៃទិវាស្រោមអនាម័យអន្តរជាតិ (ICD)។
ទិវា«ស្រោមអនាម័យអន្តរជាតិ២០២០» នេះនឹងធ្វើឡើងនៅសួនច្បារទីក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានកម្មវិធីដូចជា៖ នៅម៉ោង១០៖០០នាទីព្រឹក ដល់ម៉ោង២០៖០០នាទីយប់ និងមានការធ្វើតេស្តឈាមរកមេរោគអេដស៍ឥតគិតថ្លៃ និងការចែកស្រោមអនាម័យ, នៅម៉ោង១៧៖៣០នាទី ដល់ម៉ោង១៨៖០០នាទី ជួបជុំគ្នាប្រមាណ១៥០នាក់ មកពីអង្គការដៃគូសហការ និងសហគមន៍, ម៉ោង១៨៖០០នាទី ដល់ម៉ោង ២១៖០០នាទី ការប្រគំតន្រ្តីនិងការសម្តែងដោយកំពូលតារាចម្រៀង កញ្ញាទេព បូព្រឹក្ស និងតារាជាច្រើនរូបទៀត។
សូមចូលរួមផ្សព្វផ្សាយពីសារដ៏មានសារៈសំខាន់នេះជាមួយយើងទាំងអស់គ្នា តាមរយៈការចូលរួមដោយសប្បាយរីករាយ ការតស៊ូមតិ និងទទួលយកស្រោមអនាម័យ LOVE របស់ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF Cambodia) ដោយឥតគិតថ្លៃ៕