(ស្វាយរៀង)៖ ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ រដូវកាលឆ្នាំ២០២០ ថ្ងៃនេះដំណើរការប្រកួត សប្តាហ៍ទី២ មាន៨ប្រកួត ដែលធ្វើការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ-សៅរ៍-អាទិត្យ ទី១៤-១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២០។
*ការប្រកួតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មាន៣ក្រុម៖ Acadamy SVR ប៉ះជាមួយ ស.ស.យ.ក ស្រុកកំពង់រោទិ៍, យុវជន ចុងព្រែក ប៉ះជាមួយ ធម្មជាតិកីឡា និងត្នោត FC ប៉ះជាមួយ អគ្គិសនី ស្វាយរៀង
*ការប្រកួតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មាន២ក្រុម៖ រាជសីស្វាយរំពារ ប៉ះជាមួយ ស.ស.យ.ក ស្រុកស្វាយជ្រំ និងហនុមានមាសស្វាយធំ ប៉ះជាមួយ យុវជនគគីរសោម
*ការប្រកួតថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ មាន៣ក្រុម៖ ស.ស.យ.ក ស្រុករំដួល ប៉ះជាមួយ ចំការស្វាយ, The Wolf Team FC ប៉ះជាមួយ ប្រាសាក់ ស្វាយរៀង FC និងពៅហូមស្ព័ត ហនុមាន FT ប៉ះជាមួយ Sky Sport FT។
ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ រដូវកាលនេះ មានការចូលរួមចំនួន៥១ក្រុម មានចំនួន១០៧ប្រកួត ចាប់ផ្តើមដំណើរការ រយៈពេល០៤ខែ ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២០ ដោយមានក្រុមកីឡា មកពីបណ្តាស្រុក-ក្រុងទាំង០៨ ទូទាំងខេត្តស្វាយរៀង។ ក្នុងនោះមានកីឡាករ និងមន្ត្រីចូលរួមសរុប ប្រមាណ១,៥០០នាក់។
ការប្រកួតនឹងធ្វើឡើងនៅទីលានចំនួន០២ គឺទីលានវិទ្យាល័យស្វាយរៀងសម្រាប់វគ្គជំរុះក្នុងពូល និងទីលានកីឡដ្ឋាន ខេត្តស្វារៀង នឹងធ្វើការប្រកួតវគ្គសំខាន់ៗ។
លក្ខខណ្ឌចូលរួមក្រុមកីឡាទាំងអស់ ត្រូវមានកីឡាករសញ្ជាតិខ្មែរ មានពីអាយុចាប់ពី១៦ឆ្នាំឡើងទៅ មួយក្រុមមានសមាជិក ច្រើនបំផុតចំនួន២៣នាក់ និងយ៉ាងតិចបំផុត១៧នាក់ ហើយក្នុងមួយក្រុមអាចនាំយកកីឡាករក្រៅខេត្ត ចំនួន៣នាក់ និង២០នាក់ទៀត ជាអ្នករស់នៅក្នុងខេត្តស្វាយរៀង ឬមានទីកន្លែងកំណើត នៅក្នុងខេត្តស្វាយរៀង។
រូបមន្ត នៃការប្រកួតរបស់ក្រុមទាំង៥១ ត្រូវបានបែងចែកចេញជា១៣ពូល ដោយក្នុង១ពូលមានចំនួន៤ក្រុម សម្រាប់ពូលទី១៣មានចំនួនតែ ៣ក្រុមប៉ុណ្ណោះ ហើយត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ដើម្បីយកក្រុមចំណាក់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ៣២ក្រុមបន្ត។ ដោយឡែកក្រុមលេខរៀងទី៣ ល្អជាងគេក្នុងពូល ចំនួន៦ក្រុមក៏មានឱកាសឡើងទៅវគ្គបន្តផងដែរ។ ចំពោះវគ្គ៣២ក្រុម ១៦ក្រុម ៨ក្រុម ៤ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតដើម្បីជួបប្រកួតគ្នា។
គួរំលឹងផងដែរថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាបពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។
ការរៀបចំពានរង្វាន់ស្វាយរៀងខាប់ នេះឡើង ក្នុងគោលបំណងបង្កើតឲ្យមានសកម្មភាពកីឡា ដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋ ក្នុងខេត្តមានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕