(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ បានចេញយុទ្ធនាការផ្សព្វផ្សាយ និងក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសយុវវ័យ កុំឲ្យភ្លើតភ្លើនចាញ់បោក ប្រគល់ខ្លួនប្រាណ ដោយមិនបានការពារ នៅក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីតាំងអាជ្ញាធរជាតិប្រឆាំង នឹងជំងឺអេដស៍ផ្ទាល់តែម្ដង ក្រោមវត្តមានរបស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។
លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រឆាំងនឹងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា ថ្ងៃនេះអាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនេះឡើង គឺក្នុងគោលបំណង ក្រើនរំឭកដល់យុវវ័យ ពីការបង្កានៃការឆ្លងមេរោកអេដស៍ និងសុខភាពបន្តពូជ នៅថ្ងៃទី១៤ កុម្ភៈ និងដើម្បីទប់ស្កាត់ការហូរចូលនូវវប្បធម៌បរទេស ដែលយើងហៅថា «ទិវានៃក្ដីស្រឡាញ់»។ ជាពិសេស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល មេរោគអេដស៍ ដែលជាផលអវិជ្ជមានបណ្ដាលមកពីយុវជន ក្នុងទិវានៃក្ដីស្រឡាញ់។
លោកទេសរដ្ឋមន្រ្តី បានបន្តឲ្យដឹងទៀតថា យុទ្ធនាការនេះ អាចចាត់ទុកថា ជាការបង្កើនការយល់ដឹងជាសាធារណៈ ពីវិធានការបង្កាមេរោគអេដស៍ ជំងឺអេដស៍ក្នុងចំណោមយុវវ័យ ហេតុដូច្នេះ ទើបយើងខិតខំបញ្ចូលខ្លឹមសារ តាមរយៈសារអប់រំ មានដូចជា កុំឲ្យក្ដីស្រឡាញ់ចាញ់មេរោគអេដស៍, យុវជនឆ្លាតវ័យ មិនយកកាដូរ ប្ដូរមេរោគអេដស៍, ថ្ងៃនៃក្ដីស្រឡាញ់ មិនមែនជាថ្ងៃចំឡងអេដស៍, ប្រយ័ត្នការស្រឡាញ់ ចាញ់មេរោគអេដស៍ និង កុំឲ្យមានវិប្បដិសារី ដោយសារថ្ងៃនៃក្ដីស្រឡាញ់ជាដើម។
លោក អៀង ម៉ូលី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ត្រូវចេះការពារខ្លួន និងប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចំពោះជំងឺអេដស៍។ ក្នុងថ្ងៃនៃក្ដីស្រឡាញ់នេះ សូមយុវវ័យកុំឆាប់ប្រឡូក ក្នុងការរួមភេទ ហើយបើជ្រុសខ្លួន ត្រូវចាំបាច់ត្រូវប្រើប្រាស់ស្រោម អនាម័យជានិច្ច ពីព្រោះ ស្រោមអនាម័យ អាចការពារ ពីការឆ្លងមេរោគអេដស៍។ ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងជំងឺអេដស៍ដដែលរូបនេះ ក៏បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលដែលបានសហការគ្នា ចូលរួមនៅក្នុងយុទ្ធនាការផ្សព្វផ្សាយអេដស៍ ក្នុងទិវានៃក្ដីស្រឡាញ់នេះ ដើម្បីជួយផ្សព្វផ្សាយទៅដល់សាធារណជនទូទៅឲ្យជ្រាបកាន់តែទូលំទូលាយ៕