(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំប្រជុំ បូកសរុបការងារគ្រប់គ្រងគ្រោះមហន្ដរាយឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ។
នាយឧត្ដមសេនីយ៍ គន់ គីម បានឲ្យដឹងថា នៅឆ្នាំ២០១៩ កម្ពុជា បានប្រឈម និងហានិភ័យអាកាសធាតុ ជាបន្តបន្ទាប់បណ្តាលឲ្យមានគ្រោះរាំងស្ងួត និងខ្វះខាតទឹក សម្រាប់ជីវភាពប្រចាំថ្ងៃ ចាប់ពីខែកុម្ភៈ ទៅដល់ដើមខែឧសភា នៅតាមបណ្ដាខេត្តមួយចំនួន មានកោះកុង បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ឆ្នាំង មណ្ឌលគិរិ ព្រៃវែង ខេត្តព្រះសីហនុ និងកំពត។
នាយឧត្ដមសេនីយ៍ បានបន្ថែមថា ជាមួយនោះ គ្រោះរាំងស្ងួតរដូវវស្សាទាក់ទងនឹងវិស័យកសិកម្ម កើតមាននៅខេត្តចំនួន១៦ ប៉ះពាល់ស្រូវចំនួន៣៤២,៦៤១ ហិកតា ខូចខាត៦៧,៦៦៣ហិកតា។ ចំណែកគ្រោះទឹកជំនន់ គឺមានជំនន់ទឹកភ្លៀវខែសីហា ទៅក្នុងខេត្តកំពត ព្រះសីហនុ មណ្ឌលគិរី និងខេត្តរតនគិរី ហើយនៅខែកញ្ញា ឥទ្ធិពលព្យុះក្នុងតំបន់បានធ្វើឲ្យតំបន់ទំនាបពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង ទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀង។
ជាមួយគ្នានោះ នាយឧត្ដមសេនីយ៍ គន់ គីម បានលើកឡើងទៀតថា បន្ទាប់ពីជំនន់ទឺកភ្លៀង មានជំនន់ទន្លេមេគង្គ ចាប់ពីពាក់កណ្ដាលខែសីហា ដល់សប្ដាហ៍ទី១ ខែកញ្ញា ខេត្តរងគ្រោះមាន ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្ដាល។
នាយឧត្ដមសេនីយ៍ គន់ គីម ក៏បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រហែល៤ខែ ចុងឆ្នាំ២០១៩ ដោយមានការចូលរួម ជួយពីក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានដាក់ជូន រាជរដ្ឋាភិបាលសម្រេចនូវ៖
*១៖ អនុក្រឹត្យស្ដីពី ទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ
*២៖ អនុក្រឹត្យស្ដីពី រូបសញ្ញារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ
*៣៖ អនុក្រឹត្យស្ដីពី ការរៀបចំ និងការប្រព្រឹត្ដិទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ក្រោមជាតិ
*៤៖ សារាចរស្ដីពី ការបង្កើតយន្ដការគ្រប់គ្រងគ្រោះមហន្ដរាយក្នុងក្រសួង ស្ថាប័ន៕