(ភ្នំពេញ)៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលទាំងព្រឹក ក្រោយប្រទះឃើញបុរសជាសន្តិសុខយាមការដ្ឋានសាងសង់ស្ពានអាកាសចោមចៅម្នាក់ ដេកស្លាប់ដោយមិនដឹងមូលហេតុ សង្ស័យកើតជំងឺ គាំងបេះដូង។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅទីតាំងក្នុងប៉ុស្តិ៍យាមកន្លែងការដ្ឋានសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សី សេរីវឌ្ឍន៍ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់ផ្ទះលេខ១១ ភូមិ៤ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កាលពីយប់មិញ ជនរងគ្រោះបានចូលយាម និងដេកដូចធម្មតានៅក្នុងប៉ុស្តិ៍ លុះព្រឹកឡើងមិនឃើញជនរងគ្រោះខាងលើ ភ្ញាក់នោះក្រោកឡើង។ ចំណែកកម្មករដទៃទៀត ដែលគេបានចូលទៅធ្វើការនៅទីនោះដែរនោះ ក៏ស្រែកហៅ និងចូលទៅដាស់ឲ្យក្រោក ខណៈចូលទៅដល់ក៏ស្រាប់តែឃើញជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះ មេការនៅក្នុងការដ្ឋានខាងលើ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចោមចៅទី៣ សហការជាមួយនគរបាលជំនាញ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យ និងភាគីការដ្ឋានខាងលើ បានដឹកសពជនរងគ្រោះចេញពីទីតាំងកើតហេតុមកកាន់ទៅវត្តជម្ពូវ័ន្ត ដើម្បីងាយស្រួលជំនាញនគរបាលការិយាល័យបច្ចេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកោសល្យវិច្ច័យ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឆ្លងកាត់ពីការត្រួតពិនិត្យរបស់ជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយជំងឺខ្យល់គរគាំងបេះដូងបណ្តាលឲ្យស្លាប់។ ចំណែកសពជនរងគ្រោះត្រូវ សមត្ថកិច្ចរង់ចាំប្រគល់ជូនក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕