Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំមន្រ្តីចុះពិនិត្យផ្ទាល់ទីតាំងដែលគេចាក់ដីរំលោភប្រឡាយ នៅសង្កាត់ត្រពាំងក្រសាំង

14-02-2020 11:20

(ភ្នំពេញ)៖ ក្រោយពីទទួលរងការរិះគន់ថា លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ឲ្យក្រុមហ៊ុនផ្ទះល្វែងបុរីជោគជ័យ ចាក់ដីលុបរំលោភប្រឡាយមេ និងដីចំណីផ្លូវរថភ្លើង នៅវេលារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងមន្រ្តីសាលាខណ្ឌ និងមន្រ្តីការិយាល័យពាក់ព័ន្ធ ចុះទៅកាន់ទីតាំងនោះ នៅតាមបណ្ដោយផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពត ក្នុងភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងឧកាសនោះលោកអភិបាលខណ្ឌ និងក្រុមការងារ ពុំបានធ្វើការវាស់វែងនោះទេ ប៉ុន្តែលោកបានប្រាប់ថា ដីនេះមិនមានម្ចាស់ទេ ហើយការចាក់លុបនេះ គឺដើម្បីធ្វើផ្លូវជូនប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរ ហើយពេលនេះ ដីដែលគេចាក់ចូលដីប្រឡាយត្រូវបានកាយចេញវិញអស់ហើយ។

លោកអភិបាលខណ្ឌ ក៏បានបង្ហាញអនុក្រឹត្យស្ដីពី ការគ្រប់គ្រងដីចំណីតាមបណ្ដាញផ្លូវជាតិ និងផ្លូវរថភ្លើងដែលបញ្ជាក់ថា ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើង គឺជាសម្បត្តិសារធារណៈរបស់រដ្ឋ ស្របតាមមាត្រា១៥ នៃច្បាប់ភូមិបាល។

លោក ប៉ាង លីដា អភិបាលរងខណ្ឌ ក៏បានចុះទៅកាន់ទីនោះជាមួយលោកអភិបាលខណ្ឌដែរ ពុំបានអត្ថាធិប្បាយលើការចោទប្រកាន់លោកនោះទេ ប៉ុន្តែក្នុងពេលកន្លងមកលោកធ្លាប់បាន បដិសេធចំពោះការចោទប្រកាន់ទាំងឡាយ និងនិយាយថា លោកមិនបានប្រព្រឹត្តបែបនេះទេ ហើយតាំពីពូជពង្សវង្សត្រកូល ជីដូនជីតាឪពុកម្ដាយ លោកមកមិនដែលមានអ្នករំលោភយក និងលក់ដីរដ្ឋឡើយ។

សូមរម្លឹកថា កាលពីវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌ បានដឹកនាំមន្រ្តីសាលាខណ្ឌមន្រ្តីការិយាល័យភូមិបាលខណ្ឌ មន្រ្តីការិយាល័យសាធារណៈការខណ្ឌ ព្រមទាំងលោកចៅសង្កាត់្រពាំងក្រសាំង ក៏ចុះទៅពិនិត្យមើល និងវាស់វែងដម្បីចង់ដឹងថា តើក្រុមហ៊ុននោះរំលោភដីរដ្ឋពិតផងដែរ៕