(ភ្នំពេញ)៖ មន្ត្រីព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅម៉ោង៩៖២០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកដំណើររបស់នាវា Westerdam ជាង១០០នាក់ ដែលជាក្រុមទី១ បានធ្វើដំណើរតាមយន្តហោះពីខេត្តព្រះសីហនុ មកដល់ព្រលានយន្តអន្តរជាតិភ្នំពេញហើយ ដើម្បីរៀបចំបន្តដំណើរទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន បន្ទាប់ពីតែលតោលនៅលើនាវាអស់ជាង១០ថ្ងៃមកនេះ។
មន្ត្រីដដែលបញ្ជាក់ថា ភ្ញៀវទេសចរចម្រុះជាតិសាសន៍របស់នាវា Westerdam ប្រមាន១១៩នាក់ កំពុងរៀបចំ Check in ដើម្បីរៀបចំធ្វើដំណើរទៅតាមប្រទេសរបស់ពួកគាត់។
បើតាមអាជ្ញាធរខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃនេះអ្នកដំណើរដែលជិះលើនាវា WESTERDAM ចំនួន៤១៧នាក់ នឹងចាកចេញពីប្រទេសកម្ពុជា តាមជើងយន្តហោះទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។
អ្នកដំណើរទាំង៤១៧នាក់នេះ ត្រូវបានចែកចេញជា៣ជើងយន្តហោះ ដែលពីរជើងហោះទៅកាន់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបបន្តហោះទៅកាន់ប្រទេសសង្ហបុរី ដើម្បីបន្តជើងហោះហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន។ ចំណែកជើងហោះហើរមួយជើងទៀត គឺត្រូវហោះពីព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសរបស់ពួកគាត់តែម្តង។
ការចាកចេញពីនាវា Westerdam របស់អ្នកដំណើរ ទៅកាន់ប្រទេសរបស់ពួកគេ ត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀត គឺអាស្រ័យលើការរៀបចំ របស់អ្នកគ្រប់គ្រងនៅលើនាវា។ សម្រាប់អ្នកដំណើរទាំង៤១៧នាក់ ដែលត្រូវចាកចេញនៅថ្ងៃនេះ គឺពួកគាត់មានសំបុត្រយន្តហោះ និងត្រូវបានរៀបចំឯកសារពាក់ព័ន្ធ រួចរាល់អស់ហើយ។
សូមជម្រាបថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕