(ភ្នំពេញ)៖ យោងតាមតារាងពិន្ទុដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត បានបន្តសាងភាពល្បាញល្បីសម្រាប់កម្ពុជាទៀតហើយ ដោយបន្តឈរនៅកំពូលតារាងកម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យាប្រចាំតំបន់អាស៊ី (Asia's Top 100 Students) និងកម្រិតថ្នាក់ពិភពលោក (World Top 100 Students) ទទួលបានចំណាត់ថ្នាក់លេខ១ទាំងពីរផ្នែក។
លទ្ធផលសម្រាប់ការប្រកួតប្រជែងនៅតំបន់អាស៊ីទទួលបានពិន្ទុ ១២,៤៨០ ហើយនៅកំពូលតារាងលើពិភពលោកជាមួយពិន្ទុ ១២,៤៨០ ខណៈលេខ២ បានទៅលើប្រទេសអូស្រ្តាលី និងចិន។ កុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។
ជាមួយការដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឲ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលើកំពូលតារាងគេហទំព័រ «Mathletics Hall of Fame» ដែលជាគេហទំព័រមួយ មានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក។
លទ្ធផលនេះក៏បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ។
តាមរយៈសមត្ថភាពលិចធ្លោលើការប្រកួតប្រជែងគណិតវិទ្យានេះ បានបង្ហាញពីសមត្ថភាពរបស់កូនខ្មែរ។ បើទោះបីប្រទេសនេះធ្លាប់ជាប្រទេសរស់នៅក្រោម អាណានិគម ជាប្រទេសធ្លាប់យាយីដោយភ្លើងសង្គ្រាម តែបច្ចុប្បន្នប្រជាជាតិកម្ពុជាក្រោមម្លប់សន្តិភាព កំពុងមានឱកាសទទួលបានចំណេះដឹង និងប្រកួតប្រជែងសមត្ថភាពជាមួយមនុស្សជាតិនៅលើពិភពលោក ហើយក៏អាចដណ្តើមបានចំណាត់ថ្នាក់ល្អខ្ពស់លើសគេផងដែរ៕