(ភ្នំពេញ)៖ ស្ថានទូតអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហោះសារថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្តល់សិទ្ធិឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាជនជាតិអាមេរិក និងអឺរ៉ុប ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។
ស្ថានទូតអឺរ៉ុប បានសរសេរយ៉ាងដុច្នេះថា៖ «ក្រុមមួយចំនួនមកពីស្ថានទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងក្រុងព្រះសីហនុ ដើម្បីផ្តល់ជំនួយ ដល់អ្នកដំណើរនិង នាវិកនៃនាវាទេសចរណ៍ MS Westerdam។ នាវានេះបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីព្រឹកមិញ ដែលមានមនុស្សចំនួន ២,២៥៧ នាក់ក្នុងនោះមានពលរដ្ឋអឺរ៉ុប ចំនួន ២៦០ នាក់មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២០ ប្រទេសផ្សេងគ្នា»។
ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សូមថ្លែងអំណរគុណដល់ អាជ្ញាធរកម្ពុជាដែលបានផ្តល់សិទ្ធិឱ្យនាវា Westerdam ចូលចត និងសូមសម្តែងនូវការអាណិតអាសូរចំពោះអ្នកដំណើរនិង សមាជិកនាវិកនៃនាវាទាំងអស់ ដោយសង្ឃឹមថាពួកគាត់ នឹងធ្វើមាតុភូមិ និវត្តន៍ប្រកបដោយសុវត្ថិភាពនាពេលឆាប់ៗ។ នេះបើតាមសារដែលបង្ហោះដោយស្ថានទូតអឺរ៉ុប នៅលើ Facebook។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីនាវានេះរកទីសំចតមិនបាន អស់រយៈពេលប្រមាណ ២សប្តាហ៍ ដោយសារតែប្រទេស និងកោះចំនួន៦ បានបដិសេធមិនឱ្យចូលចត ដោយខ្លាចមានការផ្ទុកជំងឺកូរ៉ូណាថ្មី។
តាមបញ្ជីអ្នកដំណើរដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីអាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់៕