(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះចេញសេចក្តីប្រកាសថា មានទំនិញកម្ពុជាតែ៤០មុខប៉ុណ្ណោះ ដែលត្រូវបានសហភាពអឺរ៉ុបគិតពន្ធ ខណៈដែលទំនិញកម្ពុជាចំនួន៩០០០មុខទៀត នៅតែអាចបន្តនាំចេញទៅកាន់សហភាពអឺរ៉ុបដោយគ្មានបង់ពន្ធដូចធម្មតា។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មបានទទួលលិខិតមួយរបស់សហភាពអឺរ៉ុប តាមរយៈស្ថានទូតអឹរ៉ុបប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងនីតិវិធី នៃការព្យួរបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញមួយចំនួនរបស់ប្រទេសកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា៖ «សេចក្តីនៃលិខិតនេះ បានគូសបញ្ជាក់អំពីទំនិញ៤០មុខ នៃបន្ទាត់ពន្ធ ៦ខ្ទង់ ដែលផលិតនៅកម្ពុជា ហើយមានសមត្ថភាពប្រកួតប្រជែង ដែលអ្នកនាំចេញរបស់កម្ពុជាមានលទ្ធភាពបង់ពន្ធនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ទន្ទឹមនឹងនោះ នៅសល់មុខទំនិញប្រមាណ ៩ពាន់មុខទៀត នៅតែទទួលបានភាពអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះគ្រប់មុខទំនិញលើកលែងតែអាវុធ (EBA) ក្នុងគោលបំណងបន្តជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភពចំណូលជូនដល់កម្មករ-កម្មការិនី និងក្រុមគ្រួសារ»

តាមនីតិវិធីនៃបទប្បញ្ញត្តិ ស្តីពីក្របខណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញដែលបានស្នើសុំព្យួរសម្បទានពន្ធជាបណ្តោះអាសន្នចំនួន៤០ មុខទំនិញខាងលើ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ពិនិត្យលើទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ២ខែបន្តទៀត ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងន័យនេះ សភាអឺរ៉ុប មានសិទ្ធិជំទាស់ទៅនឹងសេចក្តីស្នើច្បាប់ សុំព្យួរជាបណ្តោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភាអឺរ៉ុប អាចប្រើពេល២ខែបន្ថែមទៀតដើម្បីពិចារណា។

ក្រសួងពាណិជ្ជកម្ម បានបន្តថា តាមការពិគ្រោះយោបល់ជាមួយតំណាងរោងចក្រ ដែលកំពុងផលិត និងនាំចេញផលិតផល៤០មុខ ទៅកាន់ទីផ្សារឃើញថា បើមានការសម្រេចឱ្យព្យួរសម្បទានពន្ធជាបណ្តោះអាសន្ន នៅឆ្នាំ២០២០ មែននោះ បណ្តារោងចក្រទាំងនោះ នៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដដែល ដោយសាររាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងអនុវត្តវិធានការមុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម៖