(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស.វ.ស ដែលមានសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ស បានចាត់ឲ្យក្រុមគ្រូពេទ្យ ធ្វើការចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ឋជាង៤០០នាក់ រស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ។
ក្រុមគ្រូពេទ្យស័្មគ្រចិត្ត ដែលបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដឹកនាំដោយ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ហើយលោកក៌បានថ្លែង ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋជាទីស្រឡាញ់ទាំងអស់ក្នុងមូលដ្ឋាន។
ជាមួយគ្នានោះលោកសាស្រ្តាចារ្យ បានរំលឹកណែនាំដល់បងប្អូនឱ្យចេះថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ ដោយលាងដៃជាមួយសាប៊ូជានិច្ចមុននឹងបរិភោគ ត្រូវពិសាទឹកឆ្អិនដាំពុះ ឬទឹកស្អាត ហើយត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលាក្នុងករណីដែលមានជំងឺឈឺស្កាត់ផ្សេងៗ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។
គួរជម្រាបថា ការចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ននេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាពមនុស្សធម៌ ឱ្យខិតជិតដល់បងប្អូនប្រជាពលរដ្ឋ តាមសហគមន៍ និងដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
កម្មវិធីពិនិត្យសុខភាពរបស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺដើម្បីបំពេញសេចក្ដីត្រូវការឲ្យទាន់ពេលវេលាលើសេវាសុខភាពមូលដ្ឋានជូនប្រជាពលរដ្ឋ រួមមានការផ្តល់នូវសេវា មានជាអាទិ៍៖ ពិនិត្យពិគ្រោះព្យាបាលជំងឺទូទៅ (សម្រាប់មនុស្សពេញវ័យ និងកុមារ), ពិនិត្យមាត់-ធ្មេញ, ពិនិត្យភ្នែក (មានផ្តល់វ៉ែនតា), ពិនិត្យជំងឺបេះដូង-វាស់សង្វាក់បេះដូង អេកូបេះដូង, ពិនិត្យផ្ទៃពោះ និងអេកូពោះ, ព្យាបាលដោយចលនា, មន្ទីរពិសោធន៍, ផ្តល់ឱសថដោយមិនគិតថ្លៃ៕