(ពិភពលោក)៖ ជំងឺភ័យខ្លាចក្នុងការធ្វើដំណើរកម្សាន្តទេសចរណ៍តាមកប៉ាល់ បាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័សជាងវីរុសកូរ៉ូណា ឬ Covid-19 ទៅទៀត។ វាបានកើតឡើងលើអ្នកដំណើរនៃកប៉ាល់ Westerdam។ បើទោះបីអ្នកគ្រប់គ្រងកប៉ាល់អះអាងថា គ្មាននរណាម្នាក់នៅលើកប៉ាល់ត្រូវបានគេពិនិត្យឃើញថា បានឆ្លងវីរុសកូរ៉ូណា នៅក្នុងចំណោមអ្នកដំណើរ ១៤៥៥នាក់ និងក្រុមនាវិក៨០២នាក់ ក៏ប៉ុន្តែប្រទេសនិងដែនកោះមួយចំនួនដូចជា ជប៉ុន ថៃ ហ្វីលីពីន កោះហ្គាំ និងប្រទេសថៃ ជាដើមបានហាមកប៉ាល់ Westerdam ចូលចត នៅឯកំពង់ផែរបស់ពួកគេ។
មូលហេតុនៃការសម្រេចចិត្តបែបនេះ គឺដោយសារតែកប៉ាល់ Westerdam ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក Holland America មានប្រភពចេញដំណើរពី ទីក្រុងហុងកុង ជាទីដែលក្រុមអាជ្ញាធរនៃបណ្ដាប្រទេសខាងលើសង្ស័យថា អាចនឹងមានឆ្លងវីរុសកូរ៉ូណាឡើងជិះនៅលើកប៉ាល់នេះ។ តែទោះជាបែបនេះក្ដី ខាងអ្នកគ្រប់គ្រងកប៉ាល់ បានអះអាងថា មិនមានអ្នកដំណើរ ឬក្រុមនាវិកណាម្នាក់បានឆ្លងវីរុសកូរ៉ូណា Covid-19 នោះទេ ខណៈពួកគេបានសម្អាតសម្លាប់មេរោគ និងត្រួតពិនិត្យតាមដានកម្ដៅ នៃរាង្គកាយរបស់មនុស្សទាំងអស់នៅលើកប៉ាល់ជាទៀងទាត់។
ម្យ៉ាងវិញទៀត អ្នកជិះនៅលើ Westerdam គឺមានសំណាងជាងអ្នកជិះនៅលើកប៉ាល់ Diamond Princess នៅជប៉ុន (បច្ចុប្បន្នមានឆ្លងវីរុស២១៩នាក់ នៅលើ កប៉ាល់នេះ) ដោយពួកគេអាចដើរនៅលើកប៉ាល់យ៉ាងសេរី និងធ្វើសកម្មភាពផ្សេងៗដូចជា ដុសធ្មេញ, ផឹកស្រា whisky និងលេងអុកជាដើម ស្របពេលអ្នកជិះលើ កប៉ាល់ Diamond Princess ត្រូវបានគេដាក់ឱ្យនៅតាមបន្ទប់ ដោយមិនអាចដើរទៅណាមកណានោះទេ»។
ក្រោយមានការអនុញ្ញាតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) ដែលធ្លាប់បានអំពាវនាវឱ្យបណ្ដារដ្ឋាភិបាលទាំងអស់នៅលើពិភពលោក គោរពភាពថ្លៃថ្នូរ មនុស្សធម៌ និងសិទ្ធិមនុស្សរបស់អ្នកដំណើរ ត្រូវបានសារព័ត៌មានជាច្រើនដូចជា CNN, BBC, Business Insider និងកាសែតជាតិហ្វីលីពីន Manila Bullentin ជាដើម ស្រង់សម្ដីរបស់លោកដែលកោតសរសើរ និងចាត់ទុកថា «ការសម្រេចចិត្តនេះគឺជាគំរូមួយនៃសាមគ្គីភាព» ខណៈពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី។
តាមរយៈសារបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ប្រធានអង្គការ WHO មានអត្ថន័យយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការត្រួសត្រាយផ្លូវដល់នាវាទេសចរណ៍ Westerdam... នេះជាសកម្មភាពមួយ ដើម្បីទប់ស្កាត់ភាពវិលវល់ និងអារម្មណ៍ភ័យខ្លាច»។
លោក Ghebreyesus បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការបោះជំហានរបស់ប្រទេសកម្ពុជា គឺជាសកម្មភាពស្វាគមន៍មួយចំពោះសាមគ្គីភាព ខណៈពេលដែលពិភពលោក នៅតែមានឱកាសជានិច្ច ក្នុងការបញ្ឈប់ការរីករាលដាលនៃវីរុស Covid-19... ការផ្ទុះវីរុសនេះអាចនាំឲ្យយើងស្គាល់មនុស្សល្អ និងអាក្រក់។ ផ្ទុយទៅនឹង កិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីប្រយុទ្ធ Covid-19 ការកើតមានភាពវិលវល់ អាចត្រឹមធ្វើឲ្យយើងបាត់បង់ការយកចិត្តទុកដាក់ និងបង្វែរមនុស្សឲ្យប្រឆាំងគ្នាប៉ុណ្ណោះ»។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០, សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការអនុញ្ញតឱ្យនាវានេះចូល គឺបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។ សម្តេចតេជោបន្ថែមថា កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែម «យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ»។
នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។
ប្រភព៖ Le Figaro, CNN, BBC, Kyodo, Business Insider និងកាសែតជាតិហ្វីលីពីន Manila Bullentin.