(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS នាយិកាថ្មី ដែលទើបត្រូវបានតែងតាំង នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា, លោក Christain FUSILLIER ប្រតិភូជាន់ខ្ពស់ អញ្ជើញមកពីទីស្នាក់ការធំ នៅទីក្រុងប៉ាសីស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងលើវិស័យកសិកម្មកន្លងមក និងការគាំទ្រក្នុងការរៀបចំ គម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មី ដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀង។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលបារាំង តាមរយៈអង្គការ AFD ដែលបានបន្តគិតគូរយកចិត្តទុកទាក់ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ទទួលបានលទ្ធផលជាផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។
ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្មទី៤ ឌីជីថលភាវូបនីយកម្ម និងបញ្ហាកង្វះពលកម្មក្នុងវិស័យកសិកម្ម ក្រសួងកំពុងអនុវត្ត គោលនយោបាយ អភិវឌ្ឍវិស័យនេះ ដោយផ្តោតជាសំខាន់ ក្នុងការជំរុញទំនើបកម្មកសិកម្ម និងយន្តុបនីកម្មកសិកម្ម តាមរយៈការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ដើម្បីបង្កើនតម្លៃបន្ថែម ដល់ផលិតផលកសិកម្ម ពង្រីកនិងពង្រឹងវិស័យកែច្នៃវេចខ្ចប់ ឃ្លាំងស្តុក ឃ្លាំងត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាគុណភាព សុវត្តិភាព អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម ក្នុងនោះមានវត្ថុធាតុដើមដូចជា ដំឡូងមី ស្រូវ ស្វាយ និងស្វាយចន្ទី។ល។
នាឱកាសនេះ លោកស្រី Ophelie BOURHIS បានបញ្ជាក់ជូន លោករដ្ឋមន្ត្រីជ្រាបថា អង្គការ AFD មានឆន្ទៈយ៉ាងមុតមាំ ក្នុងការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីអភិវឌ្ឍន៍ វិស័យកសិកម្មកម្ពុជា ដោយសង្កត់ធ្ងន់ទៅលើការកសាងផែនការ និងគោលនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្មពាក់ព័ន្ធ នឹងខ្សែច្រវាក់តម្លៃផលិតកម្ម និងតម្លៃបន្ថែមលើផលិតកម្មស្រូវ បន្លែ ការកែប្រែគុណភាពដី និងកៅស៊ូគ្រួសារ។
លោក Christain FUSILLIER ក៏បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី និងមន្ត្រីជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែ ផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដល់ក្រុមការងាររបស់អង្គការ AFD ដែលកិច្ចសហការនេះ ហើយបានផ្តល់ជាជំនឿទុកចិត្ត មកអង្គការ AFD ដើម្បីបន្តការគាំទ្រ និងរៀបចំគម្រោងអភិវឌ្ឍន៍ វិស័យកសិកម្មថ្មី ដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀង។
ពាក់ព័ន្ធនឹងគម្រោងដែលបានលើកឡើងខាងលើ លោករដ្ឋមន្ត្រី វេង សាខុន បានគូសបញ្ជាក់ថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានា សន្តិសុខស្បៀង ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការនាំចេញ លើកកម្ពស់ផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេស។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីដើរឱ្យទាន់បរិបទនៃកំណើនសេដ្ឋកិច្ច និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ របស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ ការអភិវឌ្ឍវិស័យកសិកម្ម ត្រូវភ្ជង់ផ្តោតទៅលើការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងរន្តរភាព និងបរិយាប័ន្នតាមរយៈការអនុវត្តបច្ចេកវិទ្យាកសិកម្ម ទំនើបទាន់សម័យសមស្រប អនុវត្តនិងបំពេញខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម អនុវត្តផែនការផលិតកម្មច្បាស់លាស់ និងផលិតកម្មកសិកម្មតាមកិច្ចសន្យា ធានានិរន្តរភាពក្នុងការផ្គត់ផ្គង់ គុណភាព អនាម័យ ភូតគាមអនាម័យ និងការប្រកួតប្រជែង។
មិនតែប៉ុណ្ណោះ ដៃគូអភិវឌ្ឍន៍នានា ក៏ត្រូវគិតគូ និងពិនិត្យឡើងវិញ នូវរាល់សកម្មភាពគម្រោង ដែលបានអនុវត្តកន្លងមក ធ្វើយ៉ាងណាតម្រង់ទិស ឲ្យចំគោលដៅរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋភិបាល គឺ កំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។
ដោយឡែក លោករដ្ឋមន្ត្រី វេង សាខុន ក៏បានណែនាំដល់អង្គការ AFD និងក្រុមការងារពិនិត្យពិចារណា លទ្ធភាពជួយផ្តល់ការគាំទ្រលើការពិសោធន៍ និងផលិតពូជ បច្ចេកទេសដាំដុះ និងប្រមូលផល ឃ្លាំងស្តុក ឡសម្ងួតលើដំណាំមួយចំនួនទៀត ដូចជាដំណាំពោតចំណី ដំឡូងមី ស្វាយ និងស្វាយចន្ទី ដែលកំពុងមានសក្តានុពល នៅលើទីផ្សារក្នុងនិងក្រៅស្រុក ហើយបានផ្តល់ចំណូលយ៉ាងល្អជូនប្រជាកសិករ។
ទន្ទឹមនឹងនេះ ជំរុញការរៀបចំចងក្រងសហគមន៍ផលិត ដើម្បីអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍ដល់ធានាការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព និងស្ថិរភាពតម្លៃ និងជាពិសេសផែនការមេ និងប្រព័ន្ធធារាសាស្ត្រស្រោចស្រព ដែលផ្តោតលើដំណាំទាំងនេះជាសំខាន់។
តបតាមការលើកឡើង របស់លោករដ្ឋមន្រ្តី វេង សាខុន លោកស្រីប្រធាន និងក្រុមការងារឯកភាព ចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ហើយនឹងយកសំណើរទាំងនោះ ទៅពិចារណាបន្ថែម រួចដាក់បញ្ចូលក្នុងគម្រោងថ្មី ដែលនឹងត្រូវរៀបចំ ដោយអង្គការ AFD នាពេលឆាប់ៗខាងមុខនេះ៕