(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានបញ្ជាក់នាពេលថ្មីៗនេះថា នៅក្នុងខែមករា ឆ្នាំ២០២០ មន្ត្រីជំនាញរបស់ស៊ីម៉ាក់ បានដោះស្រាយបញ្ហាគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទMK បានចំនួន១៤ទីតាំង នៅក្នុងរាជធានី-ខេត្តចំនួន៦។
លោក ហេង រតនា បានឲ្យដឹងទៀតថា គ្រាប់បែកប្រភេទ MK ទាំង១៤គ្រាប់នោះ ត្រូវបានដោះបន្សាបបានចំនួន១៣គ្រាប់ ដែលស្ថិតក្នុងស្ថានភាពគុណភាពអាចបង្កផ្ទុះ និង១គ្រាប់បានផ្ទុះរួចហើយ។ ទីតាំងគ្រាប់បែកដែលបានដោះបន្សាបទាំងនោះ មាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង ដែលកប់ក្នុងដីជំរៅជ្រៅៗប្រមាណ៥-៧ម៉ែត្រ។
លោកអគ្គនាយកចាត់ទុកថា បញ្ហាគ្រាប់បែកនេះ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយ ដល់សុវត្ថិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធធារាសាស្ត្រ សំណង់លំនៅដ្ឋាន ស្ពាន និងការជីកកាយដីផ្សេងៗ ដែលអាចនឹងមានគ្រោះថ្នាក់កើតឡើង ហើយទំហំខូចខាតក៏អាចមានទំហំធំផងដែរ។
លោកក៏បាន អរគុណសន្តិភាព ដែលបានបង្កឱកាសសំរាប់ការព្យាបាលដំបៅសង្គ្រាមជាបណ្តើៗ និងឈានដល់ការបំផ្លាញចោលទាំងស្រុង។
សូមជម្រាបថា បន្ទាប់ពីរកឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK81 ចំនួន១គ្រាប់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ កម្លាំងជំនាញ CMAC បានធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធររាជធានីភ្នំពេញ និងកម្លាំងប្រដាប់អាវុធ ដើម្បីរៀបចំធ្វើការកម្ទេចចោលគ្រាប់បែបនេះ។ ជាមួយគ្នានេះ ចំពោះការបំផ្ទុះកម្ទេចគ្រាប់បែបនេះដែរ សូមប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើល៕