(ពោធិ៍សាត់)៖ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកស្រី ទី បូរ៉ាស៉ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នងការនគបាលខេត្ត ដែលដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលខេត្ត និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹកខេត្ត។

បន្ទាប់ពីលោក ម៉ៅ ធនិន បានអាននូវសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ពាក់ព័ន្ធនឹងវិស័យ នៃមន្ទីរជំនាញនីមួយៗរួចមក, លោកស្រី ទី បូរ៉ាស៉ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានថ្លែងថា ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញតិ្ត ដូចរដ្ឋសភា។ បច្ចុប្បន្នព្រឹទ្ធសភា ស្ថិតនៅក្នុងនីតិកាលទី៤ ដែលមានសមាជិកចំនួន៦២រូប ក្នុងនោះ ២រូបត្រូវបានតែងតាំងដោយព្រះមហាក្សត្រ, ២រូបត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន ដោយប្រៀប និងសមាជិកព្រឹទ្ធសភា មានចំនួន៥៨រូបទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល។

លោកស្រីបន្តថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ព្រឹទ្ធសភាមានគណៈកម្មការជំនាញចំនួន១០ មានតួនាទី ភារកិច្ចជាសេនាធិការជូនថ្នាក់ដឹកនាំព្រឹទ្ធសភា។

លោកស្រី ទី បូរ៉ាស៉ី បានបញ្ជាក់អំពីគោលបំណងរបស់គណៈប្រតិភូ ដែលបំពេញបេសកកម្មនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៉ីជម្រៅ តាមសម្ថកិច្ចរបស់គណៈកម្មការពាក់ព័ន្ធកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះមានការងារពាក់ព័ន្ធជនអន្តោប្រវេសន៍ និងជនបរទេស ព្រមទាំងការងារពាក់ព័ន្ធនឹងវិស័យផ្សព្វផ្សាយ ឃោសនា និងព័ត៌មាន។

ជាមួយគ្នានោះ លោកស្រី ទី បូរ៉ាស៉ី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លូន ដែលនឹងធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកស្រីបានជំរុញឲ្យអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ក៏ដូចជាអាជ្ញាធរនៅតាមច្រកទ្វារព្រំដែន សូមយកចិត្តទុកដាក់ទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់ និងខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ នៅតាមច្រកទ្វារព្រំដែន ជាមួយប្រទេសជិតខាងឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបង្កើនលើកកម្ពស់ជីវភាពប្រជាពលរដ្ឋយើង។ ចំពោះបញ្ហាប្រឈមផ្សេងៗ ដែលអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធបានលើកឡើង គណៈកម្មការទី៥ នឹងសិក្សាស្រាវជ្រាវ ហើយរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភានាពេលក្រោយ។

គួរបញ្ជាក់ថា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា នឹងអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរស្រុកវាលវែង និងកងកម្លាំងប្រចាំការនៅច្រកថ្មដា ប្រទេសកម្ពុជា ទល់មុខច្រកបានថាសេន ប្រទេសថៃ ដើម្បីស្វែងយល់ អំពីសកម្មភាពគ្រប់គ្រងច្រកទ្វារព្រំដែន សកម្មភាពរបស់ប្រជាជនដែលឆ្លងកាត់ និងពិនិត្យមើលសកម្មភាពជាក់ស្តែង នៃការអនុវត្តច្បាប់អន្តោប្រវេសន៍ផងដែរ៕