(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះថ្លៃអគ្គិសនី ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីជួយសម្រួលដល់បរិយាកាសវិនិយោគ នៅប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈម្សិលមិញ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនលោកឯកអគ្គរាជទូតជប៉ុនថា ដើម្បីសម្រួលដល់ការវិនិយោគនៅកម្ពុជា នៅខែកុម្ភៈនេះ រាជរដ្ឋាភិបាលនឹងបញ្ចុះថ្លៃអគ្គិសនី១សេន ក្នុងមួយគីឡូវ៉ាត់ ហើយនឹងបន្តធ្វើឱ្យកាន់តែល្អប្រសើរលើការដឹកជញ្ជូន។
ពាក់ព័ន្ធនឹងការបញ្ចុះតម្លៃអគ្គិសនី១សេន ក្នុងមួយគីឡូវ៉ាត់ សម្រាប់ជួយដល់វិស័យឧស្សាហកម្ម និងកសិកម្មនេះ ត្រូវបានលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០តទៅ ហើយវិក្កយបត្រអគ្គិសនី ដែលចេញនៅចុងខែកុម្ភៈនឹងអនុត្តន៍តម្លៃថ្មីនេះ។
លោក យឹម វិសិដ្ឋ បានបញ្ជាក់ថា អ្នកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដែលទទួលបានបានបញ្ចុះតម្លៃនេះ មានចំនួនរហូតដល់៨០ភាគរយ នៃចំនួនអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ហើយការបញ្ចុះតម្លៃនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមលើកផែនការបញ្ចុះថ្លៃអគ្គិសនី តាមផែនការនៃឆ្នាំនីមួយៗ។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជារូបនេះបានបញ្ជាក់ថា «ការបញ្ចុះតម្លៃ១សេនក្នុងមួយគីឡូវ៉ាត់នេះ បើគិតជាប្រាក់ប្រមាណពី៥០-៦០លានដុល្លារក្នុង១ឆ្នាំ ដែលនេះជាការឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ផ្នែកឯកជន ក្នុងវិស័យឧស្សាហកម្ម ដែលមានទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើងជាដើម រួមទាំងវិស័យកសិកម្មផងដែរ ដើម្បីសម្រួលដល់ការវិនិយោគ»។
ក្រសួងរ៉ែ និងថាមពលបានអះអាងថា នៅឆ្នាំ២០២០ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៅមុខទៀត កម្ពុជាលែងជួបបញ្ហាខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតហើយ។ តម្រូវការអគ្គិសនីខ្ពស់បំផុត ក្នុងឆ្នាំ២០២០ មានចំនួន២២០០មេហ្គាវ៉ាត់ ខណៈការផ្គត់ផ្គង់ក្នុងស្រុក និងនាំចូលពីក្រៅប្រទេសលើសពីតម្រូវការ។ កម្ពុជាមានថាមពលសម្រាប់បម្រុងទុកប្រមាណ២០-៣០ភាគរយ ដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគថ្មីៗ ដូច្នេះកម្ពុជាមានថាមពលសរុបប្រហែល២៦០០-២៧០០មេហ្គាវ៉ាត់៕