(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចុះប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង/ស្រុកសៀមរាប ទាំង១២ ក្នុងសប្ដាហ៍នេះ ដោយមានការធ្វើសមាហរណកម្មមន្ត្រីសរុប ៦៨៧នាក់ (ស្រ្តី ២៥១នាក់) ទៅជាមន្ត្រីរដ្ឋបាលក្រុង/ស្រុក ក្នុងនោះមន្ត្រីរាជការ ស៉ីវិល ៦០៦នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៨១នាក់ (ស្រ្តី ៥១នាក់)។
ពិធីប្រកាស (ថ្ងៃទី១០ ដល់១២ កុម្ភៈ ២០២០) នៅតាមក្រុង/ស្រុកនីមួយៗនេះ មានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក គណៈអភិបាលក្រុង/ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ផងដែរ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
យោងតាមបញ្ជី រចនាសម្ព័ន្ធថ្មី ១២ក្រុង/ស្រុក បានបង្ហាញថា៖
១៖ រដ្ឋបាលក្រុងសៀមរាប ចំនួន ១៣១នាក់(ស្រី៦២នាក់) ក្នុងនោះមន្ត្រីរាជការ ស៉ីវិល ១០៣នាក់ និងមន្ត្រីជាប់កិច្ចសន្យា ២៨នាក់ (ស្រី១៤នាក់)។
២៖ រដ្ឋបាលស្រុកពួក ចំនួន ៦៥នាក់(ស្រី២២នាក់) ក្នុងនោះមន្ត្រីរាជការ ស៉ីវិល ៦១នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៤នាក់ (ស្រី២នាក់)។
៣៖ រដ្ឋបាលស្រុកអង្គរធំ ចំនួន ៥០នាក់(ស្រី១៥នាក់) ក្នុងនោះមន្ត្រីរាជការ ស៉ីវិល ៤៤នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៦នាក់(ស្រី៤នាក់)។
៤៖ រដ្ឋបាលស្រុកស្រីស្នំ ចំនួន ៤៥នាក់(ស្រី២០នាក់) ក្នុងនោះមន្ត្រីរាជការ ស៉ីវិល ៤១នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៤នាក់(ស្រី៤នាក់)។
៥៖ រដ្ឋបាលស្រុកក្រឡាញ់ ចំនួន ៤៧នាក់(ស្រី១៨នាក់) ក្នុងនោះមន្ត្រីរាជការ ស៉ីវិល ៤២នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៥នាក់ (ស្រី៥នាក់)។
៦៖ រដ្ឋបាលស្រុកអង្គរជុំ ចំនួន ៤៦នាក់(ស្រី១៥នាក់) ក្នុងនោះមន្ត្រីរាជការ ស៉ីវិល ៤២នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៤នាក់(ស្រី៤នាក់)។
៧៖ រដ្ឋបាលស្រុកវ៉ារិន្ទ ចំនួន ៥៥នាក់(ស្រី៨នាក់) ក្នុងនោះមន្ត្រីរាជការ ស៉ីវិល ៣៩នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៦នាក់ (ស្រី២នាក់)។
៨៖ រដ្ឋបាលស្រុកស្វាយលើ ចំនួន ៤១នាក់(ស្រី១៥នាក់) ក្នុងនោះមន្ត្រីរាជការ ស៉ីវិល ៣៥នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៦នាក់ (ស្រី៣នាក់)។
៩៖ រដ្ឋបាលស្រុកជីក្រែង ចំនួន ៦៣នាក់(ស្រី១៧នាក់) ក្នុងនោះមន្ត្រីរាជការ ស៉ីវិល ៥៨នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៥នាក់ (ស្រី៣នាក់)។
១០៖ រដ្ឋបាលស្រុកសូទ្រនិគម ចំនួន ៥៥នាក់(ស្រី២៥នាក់) មន្ត្រីរាជការ ស៉ីវិល ៤៨នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៥នាក់ (ស្រី៥នាក់)។
១១៖ រដ្ឋបាលស្រុកបន្ទាយស្រី ចំនួន ៤៤នាក់(ស្រី១៨នាក់) មន្ត្រីរាជការ ស៉ីវិល ៤០នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៤នាក់(ស្រី៣នាក់)។
១២៖ រដ្ឋបាលស្រុកប្រាសាទបាគង ចំនួន ៥៧នាក់(ស្រី១៦នាក់) មន្ត្រីរាជការ ស៉ីវិល ៥៣នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៤នាក់(ស្រី២នាក់)។
លោកអភិបាលខេត្ត និងលោកអភិបាលរងខេត្ត បានសំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីគ្រប់រូបដែលទើបប្រកាសដាក់្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង/ស្រុកនេះថា ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយចាប់ផ្តើមអនុវត្តន៍នៅថ្នាក់ឃុំ/សង្កាត់ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅឆ្នាំ២០០២។ កំណែទម្រង់វិមជ្ឈការត្រូវបានឲ្យតម្លៃថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ ធនធានសាធារណៈក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយការឆ្លើយតប ប្រកបតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
បន្ថែមថាក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណង សំខាន់ៗចំនួន៣ រួមមាន៖
*ទី១ ៖ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន តាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងសាធារណៈរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
*ទី២ ៖ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល នៅថ្នាក់មូលដ្ឋានស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ មានលទ្ធភាពមានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់លាស់ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
*ទី៣ ៖ លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តី សម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាព ក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕