(ព្រះវិហារ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដឹកនាំដោយលោក ភុន តុលា សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន ស.ស.យ.ក ខេត្ត និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ដឹកនាំដោយស្រី ចឹក ហេង អភិបាលរងខេត្ត និងជាប្រធានសមាគមនារីខេត្តព្រះវិហារ បានដឹកនាំសមាជិកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែក ១៦ មករាខេត្ត ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ក្នុងឱកាសបុណ្យទិវានៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ។
លោកវេជ្ជបណ្ឌិតជូ ប៉ូនីណា អនុប្រធានមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ តំណាងលោក សុក វាសនា ប្រធានមន្ទីរពេទ្យបានថ្លែងថា ដោយអនុវត្តតាមការណែនាំរបស់មន្ទីរ សុខាភិបាលខេត្តព្រះវិហារ មន្ទីរពេទ្យបង្អែក ១៦ មករាខេត្ត បានធ្វើការផ្សព្វផ្សាយដល់ស្ថាបន័នានាក្នុងខេត្ត ស្តីពីការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ក្នុងឱកាសបុណ្យនៃទិវាសេចក្តីស្រឡាញ់ ១៤ កុម្ភៈ។
លោកវេជ្ជបណ្ឌិតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានថ្លែងឲ្យដឹងទៀតថា បន្ទាប់ពីការផ្សព្យផ្សាយជូនដំណឹងរបស់មន្ទីរពេទ្យភ្លាម នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានដឹកនាំក្រុមការងារស្មគ្រ័ចិត្តចូលរួមបរិច្ចាកឈាមជូនមន្ទីរពេទ្យ។
ដោយឡែកនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ភុន តុលា បានដឹកនាំសមាជិកសរុប ៧៤នាក់ ចូលរួមបរច្ចាគឈាមដោយស្មគ្រ័ចិត្តជូនមន្ទីរពេទ្យបង្អែក ១៦ មករា ដើម្បីសង្រ្គោះអាយុជីវិតអ្នកជំងឺ ក្នុងឱកាសទិវានៃក្តីស្រឡាញ់ថ្ងៃទី ១៤ កុម្ភៈនេះ។
លោក ជូ ប៉ូនីណា បានថ្លែងបញ្ជាក់ទៀតថា ការចូលរួមបរិច្ចាគឈាមដោយស្មគ្រ័ចិត្តក្នុងឱកាសទិវា នៃសេចក្តីស្រឡាញ់ថ្ងៃទី ១៤ កុម្ភៈនេះ គឺដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាម ជាចាំបាច់ ជួយដល់ជនក្រីក្រដែលជួបការលំបាក ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក៏ដូចជាបានចូលរួមចំណែកជួយដល់សង្គមលើការងារមនុស្សធម៌។
លោកបានបញ្ជាក់បន្ថែមថា ថ្ងៃ ១៤ កុម្ភៈ មិនមែនជាប្រពៃណីខ្មែរទេ ដូច្នេះសូមយុវជនយើងកុំមានការភ្លើតភ្លើនយកប្រពៃណីបរទេសមកប្រព្រឹត្តមិនគប្បី ប្រាសចាកទៅនិងប្រពៃណីទំនៀមទំលាប់ របស់ខ្មែរយើង។ ផ្ទុយទៅវិញត្រូវយកថ្ងៃទិវា នៃសេចក្តីស្រឡាញ់នេះ ទៅជាការគោរពស្រឡាញ់ឪពុកម្តាយ បងប្អូន មិត្តភ័ក្រ ពិសេសត្រូវចូលរួមធ្វើអំពើល្អ ដូចជាការបរិច្ចាគឈាមសង្រ្គោះអាយុ ជីវិតអ្នកជំងឺទើបជាការប្រសើរ៕