(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលរស់នៅ និងម្ចាស់អាជីវកម្មការដ្ឋានគ្រប់ប្រភេទ ដែលប្រកបអាជីវកម្មនៅក្នុងភូមិសាស្ត្រតំបន់ ទំនប់កប់ស្រូវឱ្យដឹងថា នៅវេលាម៉ោង១៣៖០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជានឹងកម្ទេចចោលគ្រាប់បែកដែលរកឃើញ១គ្រាប់ ដែលទម្លាក់ដោយយន្តហោះ MK81 នៅភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ដោយពិនិត្យឃើញថា គ្រាប់បែបនេះ ស្ថិតក្នុងស្ថានភាព និងគុណភាពអាចបង្កឱ្យផ្ទុះ ហើយមិនអាចដោះបន្សាប ដើម្បីដឹកជញ្ជូន ចល័តបាន មជ្ឈមណ្ឌលសកម្មភាពចំចាត់មីនកម្ពុជានឹងកម្ទេចចោលនៅនឹងកន្លែងតែម្តង។ ដូច្នេះ ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាពនោះ រដ្ឋបាលរាជធានីភ្នំពេញសូមឱ្យម្ចាស់អាជីវកម្ម ការដ្ឋានដែលប្រកបអាជីវកម្ម ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ខាងលើ ត្រូវផ្អាកការដ្ឋានរបស់ខ្លួន ជាបណ្តោះអាសន្ន ហើយសូមប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ខាងលើ កុំមានការភ្ញាក់ផ្ញើលនឹងសម្លេងកម្ទេចចោលនោះ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖