(កំពង់ឆ្នាំង)៖ កសិករដាំដុះដើមទំពាំងបារាំងនៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានព្រួយបារម្ភ ខណៈដែលអាកាសធាតុហួតហែងខ្លាំង ធ្វើឲ្យអណ្តូងស្នប់របស់គាត់ចំនួន ៣កន្លែង គ្មាន ទឹកគ្រប់គ្រាន់ ដើម្បីបូមយកទៅស្រោចស្រពចំការទំពាំងបារាំងជាង ៤ពាន់គុម្ពរបស់គាត់ ដែលមានអាយុជាង ១ឆ្នាំមកហើយនោះ ត្រូវអាក់ខានប្រមាណ ៣ខែមកហើយ មិនបានទទួលផល។
លោក ម៉ាត់ ផល្លី អាយុ៤៥ឆ្នាំ ជាកសិករដាំទំពាំងបារាំង នៅភូមិស្រែតាជៃ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បាននិយាយថា គាត់បានប្រឹងប្រែងដាំដើមទំពាំងបារាំងបានចំនួនជាង ៤ពាន់គុម្ព លើផ្ទៃដីទំហំ២៥អារ (៥០ម៉ែត្រ ៤ជ្រុង) នៅក្នុងចំការមួយនេះ ដែលមានអាយុ ១ឆ្នាំ ២ខែហើយ ដោយចំណាយដើមទុនជាង ៨លានរៀល។
ប៉ុន្តែអ្វីដែលគាត់កំពុងខកចិត្តនោះគឺ រដូវប្រាំងឆ្នាំនេះ អាកាសធាតុបានហួតហែងខ្លាំងធ្វើ ឲ្យទំពាំងបារាំង ដែលកំពុងទទួលផលហើយនោះ បែរជាត្រូវខកខានប្រហែល ៣ខែទៅវិញ ព្រោះតែអណ្តូងបុកចំនួន ៣កន្លែង នៅក្នុងចំការគាត់គ្មានប្រភពទឹកគ្រប់គ្រាន់ សំរាប់បូមស្រោចស្រពឡើយ រហូតដល់ខែវស្សាមានភ្លៀងធ្លាក់មក ទើបមានទឹកគ្រប់គ្រាន់វិញ។
លោក ម៉ាត់ ផល្លី បានបញ្ជាក់ឲ្យដឹងទៀតថា កាលពីខែវស្សា មានទឹកគ្រប់គ្រាន់ក្នុង ១ថ្ងៃគាត់អាចកាត់ទំពាំងបារាំងគាត់បានពី ៥ទៅ ទៅ ៧គីឡូក្រាម ដែលលក់រាយក្នុងមូលដ្ឋាន ១គីឡូក្រាម ១៥០០០រៀល និងបើបោះដុំឲ្យម៉ូយនៅភ្នំពេញ ១គីឡូ បាន១ម៉ឺនរៀល ប៉ុន្តែនៅក្នុងទីផ្សារទំនើប ក្នុង១គីឡូក្រាម ថ្លៃ ៦ដុល្លារ។
ដោយឡែក ការដាំដុះដើមទំពាំង បារាំងនេះ គឺត្រូវប្រើតែជីធម្មជាតិអាច់ម៍គោ អាច់ម៍មាន់ ដើមកន្រ្ទាងខែត និងអង្កាមតែប៉ុណ្ណោះ តែបើប្រើជីគីមី គឺវាមិនហុចផលឲ្យទេ ហើយដើមទំពាំងបារាំងនេះអាយុ កាលវាហុចផល គឺមានរយះពេលដល់ទៅ ២៥ឆ្នាំឯណោះ។
ចំពោះចំការទំពាំងបារាំងរបស់គាត់ ដែលទើបតែមានអាយុ១៤ខែនេះ បើមានទឹកគ្រប់គ្រាន់វិញ ក្នុងពេលនេះ គាត់អាចទទួលផល ក្នុង១ថ្ងៃ ពី៨គីឡូ ទៅ១០គីឡូក្រាម នឹងបើវាមានអាយុ ២ឆ្នាំឡើងទៅ វានឹងអាចហុចផលឲ្យគាត់ ក្នុង ១ថ្ងៃ ២០គីឡូ បើលក់បោះដុំ ស្មើនឹង ១ថ្ងៃបាន ៥០ដុល្លារ។
កសិករ ម៉ាត់ ផល្លី បានផ្តាំផ្ញើផងដែរដល់ប្រជាកសិករ នៅក្នុងមូលដ្ឋានថា បើចង់ដាំដើមទំពាំងបារាំងនេះ សូមរកទីតាំងណាដែលមានប្រភពទឹកគ្រប់គ្រាន់ ទាំងខែវស្សា និងខែប្រាំង ដោយត្រូវធ្វើការថែទាំ ធ្វើស្មៅស្រោចទឹកវា ជារៀងរាល់ថ្ងៃ ទើបទទួលបានជោគជ័យ។
ដើមទំពាំង បារាំងនេះគេឲ្យឈ្មោះថា ជាបន្លែអធិរាជ គ្មានសារធាតុគីមី ដែលមានសារធាតុចិញ្ចឹមរាងកាយ បានយ៉ាងល្អប្រសើរ និងជាពិសេសជនបរទេស ពួកគាត់ចូលចិត្តញ៉ាំវាណាស់។ ចំណែកទីផ្សារលក់ចេញវិញនៅផ្សារទំនើប មានប៉ុន្មានក៏គេទទួលទិញដែរ គឺមិនពិបាកលក់ដូរឡើយ ចំណែកការលក់ រាយនៅក្នុងទីផ្សារមូលដ្ឋានវិញ ក៏មានតម្លៃខ្ពស់ផងដែរ គឺក្នុង១គីឡូក្តាម ពី១២០០០ រៀល ទៅ១៥០០០រៀល៕