(ភ្នំពេញ)៖ ឯកសារទិញលក់ដីរបស់អង្គភាពយោធាសឹករងខេត្តបន្ទាយមានជ័យ មានភាពមិនប្រក្រតីរវាងអតីតមេបញ្ជាការសឹករង ភ្លន់ តារា និងឈ្មួញមួយចំនួន នៅក្នុងខេត្តដោយគ្មានការឯកភាព ឬដឹងឮពីថ្នាក់ក្រោម និងថ្នាក់លើត្រូវបានគេទម្លាយចេញ។
យោងតាមឯកសារមួយចំនួន ដែលរួមមានលិខិតស្នើសុំដីពីរដ្ឋយកមកធ្វើជាដីអង្គភាពសឹករងខេត្តលិខិតប្រគល់, លិខិតទិញ, លក់ និង ទទួលប្រាក់ជាច្រើនទៀត ដែលគេទម្លាយចេញដល់ដៃអង្គភាពព័ត៌មាន Fresh News ដោយគេអះអាងថា លោក ភ្លន់ តារា អតីតជាមេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានតួនាទីជាមេបញ្ជាការរងយោធភូមិភាគទី៥ កាលពីឆ្នាំ២០១២ បានធ្វើការស្នើសុំដីពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ចំនួន១៥០ហិកតា មកធ្វើជាកម្មសិទ្ធិដីអង្គភាពយោធាខេត្ត ដើម្បីសហការជាមួយយោធាប្រទេសវៀតណាម ដើម្បីធ្វើកសិកម្ម និងចិញ្ចឹមសត្វ ដោយសារតែភាគីយោធាវៀតណាម ជាអ្នកជួយថវិកា និងបច្ចេកទេស។
ប៉ុន្តែក្រោយពីសុំបានដីនេះដែលមានទីតាំង នៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យរួចមក លោក ភ្លន់ តារា មិនបានយកទៅធ្វើការអភិវឌ្ឍន៍ បំរើអោយផលប្រយោជន៍រួមរបស់អង្គភាពនោះទេ គឺគាត់បែរជាយកដីនេះទៅ ពុះលក់ឲ្យឈ្មួញខ្លះ៥០ហិកតា ខ្លះជិត១០ហិកតា ស្ងាត់ៗបានប្រាក់រាប់សែនដុល្លារ ដោយមិនឲ្យនរណាដឹងឡើយ គឺលក់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៦ ទើបលក់និងយកលុយអស់។
បច្ចុប្បន្នក្រោយពីបែកធ្លាយឯកសារខាងលើជាសាធារណៈ ថ្នាក់លើកំពុងបញ្ជាឲ្យចុះធ្វើការស្រាវជ្រាវ ដើម្បីរកការពិតហើយ។
ចំណែកកូនទាហាននៅក្នុងអង្គភាពសឹករង ខេត្តបន្ទាយមានជ័យ មួយចំនួន ក្រោយពីដឹងរឿងអតីតមេបញ្ជាការរបស់ខ្លួន លក់ដីអង្គភាពស្ងាត់ៗរួចមកបាននាំគ្នាអះអាងថា ករណីនេះពួកគេមិនសុខចិត្តឡើយ ព្រោះយកដីរួមរបស់អង្គភាព ទៅលក់យកលុយដាក់ហោប៉ាវម្នាក់ឯង។
ពាក់ព័ន្ធករណីបែកធ្លាយឯកសារនេះ, គិតត្រឹមរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងសាកសួរព័ត៌មានដើម្បីឆ្លើយតបពីសំណាក់លោក ភ្លន់ តារា បានឡើយ៕