(កណ្ដាល)៖ ដើម្បីធ្វើឲ្យការអនុវត្តន៍ការងារក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលថ្នាក់ក្រុង-ស្រុក ប្រព្រឹត្តទៅបានងាយស្រួល និងត្រឹមត្រូវនៅពេលខាងមុខនេះ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល ខេត្តកណ្ដាល បានលើកឡើងថា រដ្ឋបាលខេត្ត នឹងមានបើកបង្រៀនដល់ការិយាល័យជំនាញទាំងថ្នាក់ក្រុងស្រុកមន្ទីរជំនាញ និងក្រុមប្រឹក្សា ឲ្យបានយល់ដឹងកាន់តែស៊ីជម្រៅច្បាស់លាស់បន្ថែមទៀត ក្នុងការអនុវត្តការងារជាមួយរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុកប្រកបដោយភាពជោគជ័យ។
លោកអភិបាលខេត្ត បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៩ អាណិត្តទី៣ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលាខេត្តកណ្ដាល ដែលមានវត្តមានចូលរួមផងដែរពីលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោកបណ្ឌិត ម៉ៅ ភិរុណ បានបញ្ជាក់ឲ្យដឹងថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុក គឺជាកំណែទម្រង់ជាប្រវត្តិសាស្ត្រមួយក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទាមទារឲ្យមន្ត្រី ត្រូវផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថការងារ ដូច្នេះទាមទាឲ្យអង្គភាព មន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេសគឺក្រុមប្រឹក្សា ត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅអំពីរចនាសម្ព័ន្ធថ្មីនេះ ដើម្បីអនុវត្តការងារបានងាយស្រួល និងត្រឹមត្រូវ៕