(ភ្នំពេញ)៖ រថយន្តបំពាក់ដោយម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA) ត្រូវបានប្រគល់មករដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីបូមទឹកជន់លិចនៅក្នុងតំបន់នានា នៅភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនេះក៏ជាជំនួយក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ ផងដែរ ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។
ពិធីប្រគល់-ទទួលខាងលើនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក យូអ៊ីជី ស៊ូហ្កាណូ (Yuichi SUCANO) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញលោក សាំ ពិសិដ្ឋ បានឲ្យដឹងថា រថយន្តដែលបំពាក់ម៉ាស៊ីនបូមទឹកចំនួន ២គ្រឿងនេះ ស្ថិតក្នុងគម្រោងជំនួយការពារទឹកជំនន់ និងការកែលំអ ប្រព័ន្ធលូនៅក្នុងរាជធានីភ្នំពេញជំហានទី៤ ក្រោមគ្រប់ខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។
លោកបន្តថា នេះគឺជាការផ្គត់ផ្គង់គ្រឿងចក្រជាលើកទី២ បន្ទាប់ពីផ្គត់ផ្គង់រថយន្តបូមទឹកសំអាត បណ្ដាញលូចំនួន ៤គ្រឿង និងរថយន្តបាញ់លាងសម្អាតចំនួន ៤ គ្រឿងស្ថិតក្នុងគម្រោងការពារទឹកជំនន់ ក្នុងរាជធានីភ្នំពេញជំហានទី ៣ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនកាលពីខែកញ្ញា ឆ្នាំ២០១៥។
លោក យូអ៊ីជី ស៊ូហ្កាណូ បានឲ្យដឹងថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយក្នុងរាជនីភ្នំពេញជំហានទី៤ បានចាប់ផ្តើមឡើងកាលពីខែធ្នូឆ្នាំ២០១៨ ហើយគ្រោងនេះនឹងបញ្ចប់នៅក្នុងខែ១០ ឆ្នាំ២០២១។
លោកបានបញ្ជាក់ថា «ទោះបីជាយើងបានខិតខំបំពេញការងារជុំវិញការរំដោះទឹកជំនន់ចេញពីរាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែការកើតឡើងនូវការលិចលង់ដោយទឹកជំនន់នេះ នៅតែកើតមានដែល តម្រូវឲ្យក្រុមការងារ JICA នៅកាន់បង្កការអនុវត្តគម្រោងរបស់ខ្លួនដើម្បីធ្វើយ៉ាងណារំដោះទឹកចេញពីរាជធានីភ្នំពេញ»។
ក្រៅពីការងារនេះ JICA ក៏បានផ្ដល់នូវការបណ្ដុះបណ្ដាលពីមន្ត្រីបច្ចេកទេស ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញផងដែរ។ លោកបញ្ជាក់ថា ចំពោះរថយន្ត ២គ្រឿង ដែលប្រគល់ជូននេះ មានកម្លាំងខ្លាំងរហ័សលឿនដែល អាចបូមទឹករំដោះការលិចលង់ នៅក្នុងរាជធានីភ្នំពេញនិងអាចប្រើប្រាស់បានយូរអង្វែងផងដែរ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា រថយន្តដែលបំពាក់ម៉ាស៊ីនបូមទឹក ដែលទទួលពីជប៉ុននៅពេលនេះ គឺក្នុងមួយគ្រឿង មានសមត្ថភាពបូមទឹកបាន ៣០ម៉ែត្រគុប
ក្នុង១នាទី និងទុយោបង្ហៀរប្រវែង ៣០០ម៉ែត្រ សម្រាប់ចល័តបូមទឹកភ្លៀង ដែលជន់លិច ហើយបង្ហូរចូលប្រឡាយបឹងដែលនៅជិត ដើម្បីបង្ការកុំឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងរថយន្តមួយគ្រឿងបំពាក់ម៉ាស៊ីនភ្លើង និងគ្រឿងម៉ាស៊ីនបូមទឹកចំនួន ៦គ្រឿង និងទុយោបង្ហៀរ៥០ម៉ែត្រ សម្រាប់ម៉ាស៊ីនបូមទឹកនីមួយៗ។
សម្រាប់ប្រតិបត្តិការម៉ាស៊ីនបូមទឹក គឺអាចបូមស្របគ្នាឬដោយឡែកពីគ្នាទាំង ៦គ្រឿង ដែលមានទុយោបង្ហៀរចំនួន ៦ខ្សែ ឬក៏អាចបូមបន្តគ្នាចំនួន ២គ្រឿង ដែលមានទុយោបបង្ហៀរចំនួន ៣ គ្រឿងសម្រាប់ទីតាំងបង្ហូរចេញនៅឆ្ងាយឬកន្លែងបូមមានជម្រៅជ្រៅ៕