(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្តីពី ការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម នៅទីស្ដីការក្រសួង។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិការដែល AFD ក៏ដូចជាសហគមន៍អឺរុប (EU) បាន និងកំពុងគាំទ្រលើគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម នៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១ ដែលមានទំហំវិនិយោគ ៧៩លានអឺរូ ឬជាង ៨០លានដុល្លារ។
ទន្ទឹមនឹងនេះដែរ ដើម្បីបន្តកិច្ចដំណើរការជំហានទី២ ភាគីទាំងពីរ ក៏បានផ្តោតលើការរៀបចំគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រមួយចំនួននៅក្នុងខេត្តសៀមរាប ព្រះវិហារ បាត់ដំបង កំពង់ធំ និងខេត្តកណ្តាល ដែលគ្រោងថវិកាប្រមាណ ៧០លានអឺរូ ឬជិត៨០លានដុល្លារ។
លើសពីការគ្រោងទុកនេះ ភាគីទាំង២ ក៏បានលើកពីចំណាប់អារម្មណ៍លើគម្រោងស្តារស្ទឹងស្វាយចេកស្ថិតក្នុងខេត្តបន្ទាយមានជ័យ គ្រោងថវិកាប្រមាណ ៤០លានអឺរ៉ូ និងគម្រោងស្តារស្ទឹងចាស់ ក្នុងខេត្តបាត់ដំបង ដែលគ្រោងថវិកាប្រមាណ ២៥លានអឺរូ ព្រមទាំងគម្រោងអាទិភាពក្នុងការដោះស្រាយទឹកមួយចំនួនទៀតផងដែរ៕