(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលរយ៉ ដែលជាអំណោយដ៏ថ្លៃថ្លាពីលោក អគ្គនាយកក្រុមហ៊ុនផេស៊ីហ្វិក ភើលយ៉ញស្តុកខមភេនីលីមីត។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត តំណាងក្រុមហ៊ុនផេស៊ីហ្វិក មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងលោក លោកស្រី ស្នងការរង អធិការស្រុក មេប៉ុស្តិ៍ និងនាយ នាយរងប៉ុស្តិ៍ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
លោកវេរសេនីយ៍ឯក ខ្លូត សុឃា អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា អគាររប៉ុស្តិ៍នគរបាលរដ្ឋបាលរយ៉ ដែលទើបតែសាងសង់រួច និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានប្រវែងទទឹង ៨ម៉ែត្រ បណ្តោយ ១២ម៉ែត្រ និងមានបន្ទប់ទឹក ដែលជាអំណោយដ៏ថ្លៃថ្លាពីលោក អគ្គនាយកក្រុមហ៊ុនផេស៊ីហ្វិក ភើលយ៉ញស្តុកខមភេនីលីមីត ចំណាយថវិកាចំនួន ២១,៥០០ដុល្លារ។
លោកបន្ថែមថា ការសាងសង់អគាររប៉ុស្តិ៍នគរបាលរដ្ឋបាលរយ៉ រយៈពេល១០ខែ ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ទើបរួចរាល់ជាស្ថាពរ ហើយសមិទ្ធផលដែលសម្រេចបានទាំងនេះ ដោយមានការគិតគូរយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខាផងដែរ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានកោតសរសើរលោកស្នងការនគរបាលខេត្ត ក៏ដូចជា អធិការនគរបាលស្រុក រួមទាំងមន្រ្តីក្រោមឱវាទទាំងអស់ ដែលបានសហការជាមួយសប្បុរសជននានា ក្នុងការកសាងសមិទ្ធផល ក៏ដូចជា អគាររប៉ុស្តិ៍នគរបាលរដ្ឋបាលរយ៉ ក្នុងស្រុកកោះញែក ដើម្បីសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងនគរបាលឱ្យកាន់តែមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ណែនាំដល់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ច។
នាឱកាសនោះលោក ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លារ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលរយ៉ ដើម្បីយកទៅចាត់ចែងចាក់សាបក្នុងបរិវេណអគារប៉ុស្តិ៍នគរបាលរដ្ឋបាល ថែមទាំង បាននាំយកខោអាវប្រជាការពារចំនួន ៤០កំផ្លេ ដែលជាអំណោយរបស់សប្បុរជនានា ផ្តល់ជូនប្រជាការពារចំនួន ៤០នាក់ នៅក្នុងឃុំរយ៉ ស្រុកកោះញែកនេះផងដែរ៕