(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ និងលោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា បានអញ្ជើញចូលរួមធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ ដើម្បីគាំទ្រ និងលើកកម្ពស់លើទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងពាណិជ្ជករថៃ និងកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការនេះ បានធ្វើឡើងនាពេលថ្មីៗនេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ដោយមានលោក Pipit Aneaknithi ជានាយកគ្រប់គ្រងធនាគារកសិកនថៃ និងលោក Vichit Yathip ជាប្រធានសមាគមមិត្តភាពថៃ-កម្ពុជា ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ ក្នុងគោលបំណងជំរុញឱ្យមានពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរកាន់តែច្រើនឡើងផងដែរ។
បន្ថែមពីនេះ ធនាគារកសិកនថៃ បានប្រកាសគាំទ្រដល់ការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕