(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ «របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា» សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យា ផលិតកម្មកសិកម្ម។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី តំណាងឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងរដ្ឋបាលរាជធានី-ខេត្ត សមាជិក សមាជិកា នៃគណៈកម្មាធិការ សម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម លោកឧកញ៉ាលោក-លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម សរុបប្រមាណ៥០០នាក់។
លោក វេង សាខុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ វត្តមាន និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ គាំទ្រនិងផ្តល់កិច្ចសហការ ពីសមាជិក សមាជិកា ក្នុង នាមសមាជិកនៃគ្រួសារគណៈកម្មាធិការសម្របសម្រួល កិច្ចសន្យាផលិតកម្មកសិកម្ម នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការនេះ ព្រមទាំងអង្គការ Grow Asia ដែលបានសហការ និងជួយគាំទ្រក្នុងការរៀបចំដំណើរការនៃកិច្ចប្រជុំនេះ និងបានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍ ដ៏មានអត្ថន័យរបស់តំណាងអង្គការ Grow Asia ផងដែរ។
លោកបន្ដថា ដូចឆ្នាំមុនៗដែរ គណៈកម្មាធិការ បានរៀបចំកិច្ចប្រជុំនេះ គឺក្នុងបំណង ដើម្បីពិភាក្សារួមគ្នារវាងសមាជិក សមាជិកា នៃគណៈកម្មាធិការ ជាមួយ អន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍កសិកម្មទាំងអស់ ដើម្បីត្រួតពិនិត្យ វាយតម្លៃ ស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបានជួបប្រទះ កន្លងមក និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា
លើសពីនោះទៀត ដើម្បីស្វែងរកដំណោះស្រាយ ក្នុងន័យស្ថាបនាដោយតម្រង់ចក្ខុវិស័យគិតគូរ ក្នុងការពន្លឿនការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម សំដៅលើកកម្ពស់ សេដ្ឋកិច្ចជាតិ ប្រកបដោយភាពប្រកួតប្រជែង ឈានទៅដល់ការកាត់បន្ថយភាពក្រីក្រ ឲ្យទទួលបានជោគជ័យ និងធ្វើដំណើរទៅកាន់ទិសដៅនៅឆ្នាំ ២០៣០ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។
តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការ បានឲ្យដឹងថា បច្ចុប្បន្ន មានសហគមន៍កសិកម្មសរុប ចំនួន១,១៩០សហគមន៍ ក្នុងនោះ សហគមន៍ កសិកម្មចំនួន១៦៥ បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងមានសហភាពសហគមន៍កសិកម្មសរុបចំនួន១០ ដែល មានសមាជិក ជាសហគមន៍កសិកម្ម ចំនួន១៦៨គ្រួសារ និងមានដើមទុនសរុប ចំនួនជាង១,៦៤១ លានរៀល ហើយបានបង្កើតសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដែលជារចនាសម្ព័ន្ធចាត់តាំង កំពូលរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម នៅកម្ពុជា។ ក្រៅពីនេះ ក៏នៅមានសហគមន៍នេសាទ ចំនួន៥១៦សហគមន៍ និងសហគមន៍ព្រៃឈើមានចំនួន ៦៣៦សហគមន៍។
ក្នុងបរិបទថ្មីនេះ ផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់គ្នារវាងតួអង្គសំខាន់ៗទាំង៤ គឺអ្នកផលិតរួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសារណៈរបស់រដ្ឋ។ គិតរហូតមកដល់ពេលនេះ ការសម្របសម្រួលរៀបចំ កិច្ចសន្យាផលិតកម្មកសិកម្ម មានផលិតកម្មស្រូវ ចំនួន១០៤កិច្ចសន្យា ពោតចំនួន៤ សណ្តែកបាយចំនួន០១ ការចិញ្ចឹមមាន់សាច់១៥៤ ការចិញ្ចឹមជ្រូកសាច់១៤៣ បន្លែ២៣ ដំឡូងមី១៨ និងស្ករត្នោត០២ កិច្ចសន្យា។
ក្រៅពីសមិទ្ធផលដែលគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យា ផលិតកម្មកសិកម្មសម្រេចបាន គណៈកម្មាធិការ ក៏នៅមានបញ្ហាប្រឈមសំខាន់ៗ មួយចំនួនទៀតផងដែរ ក្នុងអំឡុងពេលអនុវត្តកិច្ចសន្យា ហើយកិច្ចប្រជុំនេះ បានឆ្លើយ និងដោះស្រាយបញ្ហាមួយចំនួន ដែលបានលើកឡើងដោយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍។
ដោយឡែកបញ្ហាមួយចំនួនទៀតជាអាទិ៍៖ ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្ម តម្លៃអគ្គិសនី ពន្ធលើប្រាក់ចំណូល តម្លៃគមនាគមន៍ ការផ្គត់ផ្គង់ទឹក ការផ្តល់ទុនដែលមានការប្រាក់ទាប ការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមរបស់ទំនិញ និងការចុះបញ្ជីពូជដំណាំ -ល-។
គណៈកម្មាធិការ នឹងរៀបចំរបាយការណ៍លម្អិត លើកសំណើដាក់ជូនរាជរដ្ឋាភិបាល ដើម្បីជ្រាប និងសម្រេចដ៏ខ្ពង់ខ្ពស់។
សូមរំលឹកផងដែរថា អនុក្រឹត្យលេខ៣៦ អនក្រ. បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពី ផលិតកម្មកសិកម្មតាមកិច្ចសន្យា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោល បំណង៖
ទី១៖ ពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងអ្នកផលិត និងអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌។
ទី២៖ ធានាឲ្យមានភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណ និងគុណភាព។
ទី៣៖ បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម
និងទី៤៖ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕