(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យរដ្ឋបាលខណ្ឌព្រែកព្នៅបន្ដវប្បធម៌ល្អ ក្នុងការងារដោះស្រាយបញ្ហាប្រឈមនានា ចំពោះមុខជូនប្រជាពលរដ្ឋឲ្យបានល្អ ទង្វើទាំងអស់នោះ ដែលធ្វើឲ្យខណ្ឌទទួលបានកិត្តិយស។

ជាក់ស្ដែងកន្លមក លោកសូមកោតសរសើរខណ្ឌព្រែកព្នៅ ដែលដោះស្រាយបញ្ហាប្រឈមចំនួន២ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ និងមានប្រសិទ្ធភាព ដែលធ្វើឲ្យប្រជា ពលរដ្ឋមានការគាំទ្រសប្បាយរីករាយ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា កិត្តិយសទី១ ដែលរដ្ឋបាលខណ្ឌព្រែកព្នៅ ទទួលបានពីប្រជាពលរដ្ឋ គឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ខណៈទី២ គឺការរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ ពិសេសការរំដោះចរាចរណ៍នៅតំបន់ផ្សារព្រែកព្នៅ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយគ្មានការរំខាន និងប្រកបដោយសុត្ថិភាព។

ថ្លែងក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ, លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «នេះជាការដោះស្រាយបញ្ហា ចំពោះមុខជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យខណ្ឌទទួលបានកិត្តិយស»

ប៉ុន្តែលោកអភិបាលនៅតែស្នើឲ្យអាជ្ញាធរខណ្ឌ និងអធិការខណ្ឌ បន្តដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នេះបន្តទៀត ដើម្បីនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ នៅក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អភិបាលខណ្ឌទាំងអស់ ពិសេសខណ្ឌព្រែកព្នៅត្រូវដោះស្រាយបញ្ហាសំណង់មិនរៀបរយនៅតាមបឹងប្រឡាយរបស់រដ្ឋ ពោលគឺដោះស្រាយផល ប៉ះពាល់ ជូនប្រជាពលរដ្ឋហើយ កុំអោយពួកគេទៅរស់នៅកន្លែងសាធារណៈផ្សេងទៀត ដើម្បីកុំឲ្យដោះស្រាយបញ្ហានេះច្រើនដងឬមិនចេះចប់។

នាឱកាសដែលលោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៅរដ្ឋបាលខណ្ឌនេះ គឺដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្នុងបរិបទប្រទេសកម្ពុជាអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលមានគោលបំណងសំខាន់ៗចំនួន៣ គឺដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការ ទៅប្រកបដោយភាពរលូនរួមមាន៖

*ទី១ ៖ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះនៅមូលដ្ឋានតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
*ទី២ ៖ គឺលើកកម្ពស់ និងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ តាមរយៈការនាំមកនូវការនិងរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឲ្យថ្នាក់ក្រោមជាតិដែលនៅមានលទ្ធភាពមានភាពម្ចាស់និងការទទួលខុសត្រូវក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋានដើម្បី និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង នានារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
*ទី៣ ៖ ការលើកកម្ពស់និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធនឹងការដឹកនាំ និងអភិវឌ្ឍមូលដ្ឋានសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕