(ព្រះសីហនុ)៖ គិតមកត្រឹមវេលាម៉ោងជាង ២រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ អាជ្ញាធរ និងក្រុមគ្រូពេទ្យជំនាញ មិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរ និងអ្នកបម្រើការងារណាម្នាក់ ក្នុងចំណោមមនុស្សជាង ២ពាន់នាក់ ចេញពីនាវាទេសចរណ៍ខ្នាតយក្ស Westerdam នៅឡើយនោះទេ ដោយរង់ចាំការត្រួតពិនិត្យសុខភាពឲ្យចប់សព្វគ្រប់សិន។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីរកទីសំចតមិនបាន អស់រយៈពេលប្រមាណ ២សប្តាហ៍ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ ការអនុញ្ញតឱ្យនាវាចូលពីសំណាក់ សម្តេចតេជោគឺបង្ហាញពីការលុបបំបាត់ នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា អាជ្ញាធរ និងក្រសួងសុខាភិបាល បានរៀបចំដាក់វិធានការការពារច្បាស់ណាស់ដោយ មិនឱ្យមានមនុស្សចូលទៅជិត ឬអ្នកដំណើរក្នុងនាវាទេសចរណ៍ Westerdam ចេញចូលដោយសេរីនោះទេ លុះត្រាណាតែមានការពិនិត្យពីក្រុមគ្រូពេទ្យត្រឹមត្រូវ។
អាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំដាក់វិធានការការពារច្បាស់ណាស់ដោយមិនឱ្យមានមនុស្សចូលទៅជិត ឬអ្នកដំណើរក្នុងនាវាទេសចរណ៍ Westerdam ចេញចូលដោយសេរីនោះទេ លុះត្រាណាតែមានការពិនិត្យពីក្រុមគ្រូពេទ្យត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។
លោក គួច ចំរើន បានឱ្យដឹងថា «អាជ្ញាធរមានការរៀបចំផែនការច្បាស់លាស់ណាស់ យើងមិនអាចការពារតែអ្នកទេសចរណ៍នៅលើនាវានោះទេ ដាច់ខាតត្រូវការពារដល់ក្រុមការងារដែលធ្វើកិច្ចការនេះ និងអ្នកនៅទីនេះ ព្រមទាំងអ្នកសារព័ត៌មានផងដែរ មិនឲ្យចូលទៅជិតនោះទេ ហើយអ្នកដំណើរនៅលើនាវា ក៏មិនអនុញ្ញាតឲ្យពួកគាត់ចេញដើរដោយសេរីនោះទេ លុះត្រាណាក្រុមគ្រូពេទ្យបានចូលទៅត្រួតពិនិត្យ ត្រឹមត្រូវអស់ហើយ ទើបអនុញ្ញាតឲ្យពួកគាត់ចាកចេញពីនាវា»។
លោកអភិបាលបានបន្តថា ប្រសិនបើមានការសង្ស័យណាមួយ យើងទុកពួកគាត់ដោយឡែក និងយកសំណាកទៅត្រួតពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ នៅរាជធានីភ្នំពេញភ្លាមៗតាមឧទ្ធម្ភាគចក្រ។ ដោយឡែកសូម្បីអ្នកបើកបររថយន្តក្រុង ដើម្បីដឹកជញ្ជូនពួកគាត់ទៅព្រលានយន្តហោះកងកេង ក៏យើងត្រូវគិតគូរត្រួតពិនិត្យនិងតាមដានពួកគាត់ ហើយចំពោះរថយន្តដែលដឹកជញ្ជនពួកគាត់ក៏ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគផង ពោលគឺយើងមានរៀបចំផែនការច្បាស់លាស់ចៀសវាង មានបញ្ហាណាមួយកើតឡើង។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចសម្ភាសន៍ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ថា ការអនុញ្ញតឱ្យនាវានេះចូល គឺបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។ សម្តេចតេជោបន្ថែមថា កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែម «យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ»។
យោងតាមបញ្ជីអ្នកដំណើរដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីអាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។
ក្រោយពីនាវា Westerdam បានចតនៅកំពង់ផែខេត្តព្រះសីហនុ ឃើញមានវត្តមាន លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា និងព្រមទាំងតំណាងស្ថានទូត សហរដ្ឋអាមេរិក, កាណាដា, ហូឡង់ និងអូស្ត្រាលីជាដើម បានចុះទៅខេត្តព្រះសីហនុ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរ និងត្រួតពិនិត្យជនជាតិរបស់ខ្លួន ដែលស្ថិតនៅលើកប៉ាល់យក្សទេសចរណ៍មួយនេះ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចូលសំចតនៅ កំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយ នេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រង នាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់ មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕