(កោះកុង)៖ លោក ឡុង ស៉ីប៉ូ អនុប្រធានសាខាពន្ធដារ និងរដ្ឋាករខេត្តកោះកុង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹងនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត កម្លាំងសមត្ថកិច្ចចរាចរណ៍ ចុះប្រតិបត្តិការចុះត្រួតពិនិត្យពន្ធមធ្យោបាយយាន្តជំនិះតូច-ធំ សម្រាប់ពន្ធប្រថាប់ត្រាឆ្នាំ២០១៩ ចូលរដ្ឋ។

លោក ឡុង ស៉ីប៉ូ បានថ្លែងឲ្យដឹងថា ជាទូទៅការងារប្រមូលពន្ធប្រថាប់ត្រាទៅយាន្តជំនិះតូច-ធំនេះ ក្រោយពីចេញសេចក្តីប្រកាសពីអគ្គនាយដ្ឋានពន្ធដារ ខ្លួនក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់យានយន្តទាំងអស់ ចូលខ្លួនមកបង់ពន្ធទាំងអស់គ្នា ចាប់ពីថ្ងៃទី១ ខែមិថុនា និងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាជាប្រចាំ។

លោកបន្តថា ក្រោយពីបញ្ចប់ការបង់ពន្ធទៅសាខាពន្ធដារ ដែលក្រសួងបានដាក់ផែនការឲ្យអនុវត្តន៍នេះមាន ១,៦០០លានរៀល ហើយក្រោយពីបានសហការជាមួយស្ថាប័នផ្សេងៗមក គេបានប្រមូលពន្ធប្រថាប់ត្រាចំនួន ២៩.៣៨លានរៀល ស្មើ ១៨៣ភាគរយ នៃផែនការប្រចាំឆ្នាំ។ នេះបញ្ជាក់ថា សន្ទុះនៃការកើនឡើងក្នុងការចូលរួមរបស់ប្រជាពលរដ្ឋ នៃម្ចាស់យានយន្ត ដែលចូលមកបង់ពន្ធប្រថាប់ត្រាទៅយានជំនិះរបស់ខ្លួន។

លោកបានបញ្ជាក់បន្ថែមថា ដូច្នេះនៅបំណាច់ឆ្នាំ២០១៩ ឈានចូលខែមករា ឆ្នាំ២០២០នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយដ្ឋានពន្ធដារ និងរដ្ឋាករ បានចេញសេចក្តីជូនដំណឹង ត្រួតពិនិត្យពន្ធមធ្យោបាយយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៩នេះ ដោយចាប់អនុវត្តន៍ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ មានរយៈពេល២ខែ។ យើងបានឃើញថា យានយន្តល្មើស ដែលមិនទាន់បានបង់ពន្ធប្រថាប់ត្រា មានចំនួន ១៣គ្រឿង ហើយក្រុមការងារសាខាពន្ធដារ និងបន្តចុះត្រួតពិនិត្យរហូតដល់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០នេះ។

លោក ឡុង ស៉ីប៉ូ បានបញ្ជាក់ថា ការប្រថាប់ត្រាពន្ធមធ្យោបាយយានជំនិះសម្រាប់ឆ្នាំ២០១៩នេះ ឃើញថា មានកំណើនខ្ពស់ជាងឆ្នាំ២០១៨ ដោយប្រជាពលរដ្ឋម្ចាស់យានយន្ត គាត់មានការយល់កាន់តែច្បាស់ ពីព្រោះអគ្គនាយកសាខាពន្ធដារ និងរដ្ឋាករសាខាពន្ធដារគ្រប់ខេត្ត មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅតាមប្រព័ន្ធផ្សព្វផ្សាយនានា៕