(កណ្តាល)៖ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញរថយន្តពន្លត់អគ្គិភ័យធុនធំចំនួន ៣គ្រឿង ចុះបាញ់ទឹកលាងសំអាតផ្លូវជាតិលេខ២១បេ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីបង្កើនសោភណភាពផ្លូវជាតិ និងមុខមាត់ក្រិងតាខ្មៅ ពិសេសដោយចង់បានបរិស្ថានល្អស្អាត។
លោក អ៊ុល ប៊ុណ្ណា ស្នងការរងទទួលការងារអគ្គិភ័យ បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តរួចមក លោកបានចាត់ឲ្យលោកនាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ដឹកនាំកងកម្លាំងនាំយករថយន្តពន្លត់អគ្គិភ័យធុនធំចំនួន៣គ្រឿង ចេញបាញ់ទឹកលាងសំអាតផ្លូវជាតិលេខ២១បេ ចាប់ពីចំណុចអា៩ រហូតដល់ចំណុចភ្លើងស្តុបស្ពានព្រែកសំរោង កែងផ្លូវ១១៥ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។
លោកស្នងការរងបានបញ្ជាក់ថា សកម្មភាពលាងសំអាតផ្លូវនេះ ដឹកនាំដោយប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកណ្តាល និងមានកិច្ចសហការពី អាជ្ញាធរក្រុងតាខ្មៅ, មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និងនគរបាលចរាចរណ៍ក្រុងតាខ្មៅផងដែរ។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់ថា សកម្មភាពលាងសំអាតនេះមិនមែនធ្វើឡើងតែនៅលើផ្លូវជាតិលេខ២១បេប៉ុណ្ណោះទេ ពោលគឺធ្វើឡើង ទៅលើផ្លូវសំខាន់ៗដូចជា ផ្លូវជាតិលេខ២ ផ្លូវលេខ១១៥... នៅក្នុងភូមិសាស្ត្រក្នុងតាខ្មៅ ដើម្បីបរិស្ថានស្អាតងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់។
អ្នកធ្វើដំណើរនិងពលរដ្ឋមានផ្ទះជាប់ថ្នល់ជាតិ បានចូលរួមសាទរនិងត្រេកអរដោយបានឃើញពីសកម្មភាពនគរបាល និងមន្ត្រីចុះមកសំអាតផ្លូវថ្នល់ឲ្យបានស្អាតឡើងវិញ ព្រោះកាលមិនទាន់សំអាត ផ្លូវថ្នល់មានសភាពហុយដោយសារមានខ្សាច់ មានដី យ៉ាងច្រើនក្រាស់ក្រែល៕