(កំពង់ឆ្នាំង)៖ មុខរបរឡើងត្នោត តាំងពីបុរាណរហូតដល់បច្ចុប្បន្ន នៅតែជាមុខរបរមួយយ៉ាងសំខាន់របស់ប្រជាកសិករខ្មែរយើង នៅតាមស្រុកស្រែចម្ការ។ មុខរបរនេះផងដែរ គឺបានបន្សល់ទុកតាំងពីសម័យដូនតាមកបើទោះជាបច្ចុប្បន្ន នៅតាមទីផ្សារសម្បូរទៅដោយស្ករស ឬស្ករអំពៅយ៉ាងណាក៏ដោយ។
ជាក់ស្តែង តម្រូវការស្កត្នោតធម្មជាតិរបស់ខ្មែរយើង នៅតែជាតម្រូវការចាំបាច់ ដោយមិនអាចខ្វះបាន ដែលធ្លាប់ហូបស្ករត្នោត ក្នុងការចម្អិនអាហារ និងយកទៅធ្វើបង្អែមផ្សេងៗផងដែរ។
មុខរបរឡើងត្នោត កាលពីដើមឡើយប្រជាកសិកររស់នៅតាមទីជនបទ បានប្រកបមុខរបរនេះស្ទើគ្រប់ទីកន្លែង ដែលជាធម្មតាគឺគេចាប់ផ្ដើមចងត្នោត និងកៀបផ្កាក្នុងអំឡុងពេលពីខែ១១ និងខែ១២ទៅ គឺក្នុងអំឡុងពេលរដូវច្រូតកាត់ស្រូវវស្សា។ រហូតដល់ខែ៥ ដែលជាខែធ្លាក់ភ្លៀងដើមឆ្នាំ ទើបគេចោលត្នោត ហើយមករៀបចំនង្គ័ល និងរនាស់ ដើម្បីចាប់ផ្តើមធ្វើស្រែវស្សាវិញ ដូច្នេះប្រជាកសិករ នៅតាមស្រុកស្រែចម្ការ ដែលមានមុខរបរធ្វើស្រែចម្ការ និងឡើងត្នោត មិនដែលមានពេលទំនេរឡើយ។
អ្នកឡើងត្នោតម្នាក់ឈ្មោះ អ៊ុក មាន អាយុ ៤០ឆ្នាំ ជាកសិកររស់នៅក្នុងភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ទាំងដៃម្ខាងកាន់ពីដុងសម្រាប់ត្រងទឹកត្នោតផងនោះថា គាត់បានចាប់យកមុខរបរឡើងត្នោតនេះ តពីលោកឪពុករបស់គាត់មក គឺមានរយៈពេលជិត១០ ឆ្នាំមកហើយ។
លោកបន្តថា កាលពីដើមឡើយអ្នកដែលប្រកបមុខរបរឡើងត្នោតដូចជារូបគាត់ នៅក្នុងភូមិនេះមានជាច្រើនគ្រួសារដែរ តែបច្ចុប្បន្នគេបានបោះបង់មុខរបរនេះអស់ហើយ ដោយអ្នកខ្លះគេបានទៅ រកការងារផ្សេងៗធ្វើ និងអ្នកខ្លះទៀត ក៏បានចំណាកស្រុកទៅធ្វើការនៅឆ្ងាយៗ នៅឡើយតែរូបគាត់ពុំដែលបានបោះបង់ មុខរបរនេះម្ដងណាឡើយក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ។ សព្វថ្ងៃនេះគាត់បានឡើងត្នោតចំនួន ៩បង្អោង ដែលមានចំនួនដើមត្នោត ទាំងអស់១៩ដើម ដែលដើមត្នោតខ្លះ ចងតែមួយបង្អោង តែបោះស្នួររហូតទៅដល់៣ស្នួរក៏មានដែរ អាស្រ័យទៅលើដើមត្នោត ដែលនៅកៀកគ្នា អាចបោះស្នួរបាន។
លោក អ៊ុក មាន បានឲ្យដឹងទៀតថា ទឹកត្នោតទាំង១៩ដើមខាងលើនេះ ទឹកត្នោតពេលព្រឹក លោករំងាស់ជាស្ករគីឡូ បានពី៨ ទៅ៩គីឡូក្រាម, ទឹកត្នោតពេល ល្ងាចបានពី៤គីឡូ ទៅ៥គីឡូក្រាម, ដោយលក់ចេញនៅក្នុងភូមិ ក្នុងមួយគីឡូក្រាម បានតម្លៃ ពី៥៥០០រៀល, ទៅ ៦០០០រៀល។ លោកថ្លែងថា «មានប៉ុន្មាន ក៏លក់អស់ដែរ មិនពិបាកលក់នោះទេ គឺបងប្អូនក្នុងភូមិបានយកពីដុងម្នាក់មួយៗ មកទុកឲ្យចាក់ស្ករឲ្យពួកគាត់ជារៀងរាល់ថ្ងៃ»។
ចំពោះការធ្វើស្ករត្នោតរាល់ថ្ងៃនេះ គឺគាត់ឡើងខ្លួនឯងផង រំងាស់ខ្លួនឯងផងពេលខ្លះ។ ពេលកូនចេញមកពីសាលារៀន ក៏បានជួយពុះអុស នឹងជួយកាប់ពពេលដាក់បំពង់ឲ្យគាត់ខ្លះដែរ ចំណែកប្រពន្ធរបស់គាត់ ទៅធ្វើការនៅរោងចក្រ អាចជួយការងារគាត់បានខ្លះ មានតែថ្ងៃអាទិត្យតែប៉ុណ្ណោះ។
រីឯអុសសម្រាប់ដុតរំងាស់ស្កវិញ គាត់បានទិញដើមត្នោតដែលងាប់ៗ ឬក៏ដើមស្នាយ នៅតាមក្បាលស្រែរបស់អ្នក ភូមិយកមកដុត។ ចំណែកដើមពពេល សម្រាប់យកមកដាក់ទឹកត្នោត ក៏ត្រូវទិញគេផងដែរ ដែលដើមប្រភេទនេះ សព្វថ្ងៃមិនមានទេនៅក្បែរស្រុក ភូមិ មានតែនៅឆ្ងាយៗ ហើយបង្អោងឡើងត្នោត ក៏ត្រូវទិញគេផងដែរ។
លោក អ៊ុក មាន បានបន្តថា ទោះជាយ៉ាងណាក៏ដោយ ក៏មុខរបរឡើងត្នោត ជួបការលំបាកខ្លះៗបន្តិចមែន តែគាត់ពេញចិត្តក្នុងការចាប់យកមុខរបរនេះ ព្រោះថាការប្រកបមុខរបរនេះ គឺជាមុខរបរសុច្ចរិត។ នេះក៏ជាមុខរបរមួយ ដែលគាត់ចេះធ្វើពីឪពុករបស់គាត់មកដែរ ហើយគាត់នឹងមិនបោះបង់ចោលនោះទេ ដោយសារតែមូលហេតុ២យ៉ាង។
ហេតុផលទាំងពីរនោះ រួមមាន៖ ទី១៖ គាត់បានប្រាក់ប្រចាំថ្ងៃ សម្រាប់ជួយទ្រទ្រង់ជីវភាពគ្រួសារគាត់ ឱ្យមានជីវភាពសមរម្យ និងទី២៖ គាត់បាននៅជួបជុំក្រុមគ្រួសា ប្រពន្ធកូនរាល់ថ្ងៃ ព្រោះគាត់មិនចង់ចំណាកស្រុក ទៅធ្វើការនៅស្រុកគេឆ្ងាយៗ បែកពីក្រុមគ្រួសារប្រពន្ធកូននោះឡើយ៕