(ភ្នំពេញ)៖ កំណើនសេដ្ឋកិច្ចដែលរួមចំណែកដោយចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា គឺជាការពិចារណាដ៏សំខាន់ ក្នុងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម បានក្លាយជាប្រធានបទក្នុងសិក្ខាសាលា «ការអនុវត្តកម្មសិទ្ធិបញ្ញាពាក់ព័ន្ធវិស័យចំណីអាហារ និងឱសថ»។
សិក្ខាសាលានេះ ត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលរៀបចំធ្វើឡើងដោយ «សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា» និងមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ ព្រមទាំងអង្គភាពពាក់ព័ន្ធយ៉ាងច្រើនផងដែរ។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងថា ការរៀបចំឱ្យមានសិក្ខាសាលានេះឡើង គឺបានបង្ហាញពីយន្តការមួយដ៏មានប្រសិទ្ធភាព ព្រោះក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ នឹងចូលរួមចំណែកការពារនូវកម្មសិទ្ធិបញ្ញា ក៏ដូចជា បង្ក្រាប ទប់ស្កាត់រាល់បទល្មើសបំពារបំពានបញ្ញាពីសំណាក់ក្រុមអ្នករកស៊ីមិនមានភាពស្មោះត្រង់ ដែលលួយចបន្លំម៉ាក ជាដើម។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបន្តថា កម្មសិទ្ធិបញ្ញា ផលិតផលនានា មិនត្រឹមតែពាក់ព័ន្ធនឹងវិស័យធុរកិច្ចនោះទេ ក៏ប៉ុន្តែវាបានពាក់ព័ន្ធ យ៉ាងជ្រាលជ្រៅ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងស្ថេរភាព សុខមាលភាព របស់ប្រជាពលរដ្ឋខ្មែរទូទៅ។ គុណភាពដែលពាក់ព័ន្ធ នឹងកម្មសិទ្ធិបញ្ញា ជាផ្នែកមួយដ៏ចាំបាច់សម្រាប់ការចិត្តទុកដាក់ជាប្រចាំ ដើម្បីសុខភាព និងរីកចម្រើនរបស់ប្រជាជន និងសង្គមជាតិទាំងមូលផងដែរ។ ខណៈថ្មីៗនេះ គណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្ក្រាបនូវផលិតផលក្លែងក្លាយជាច្រើនមុខ ដែលលួចបន្លំម៉ាក ជាដើម។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យគ្រឿងសំអាង ជាឧស្សាហកម្មមួយដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយគ្រាន់តែអ្នកប្រកប របបរកស៊ីគ្រឿងសំអាង មានជាង១ពាន់ក្រុមហ៊ុន ដូច្នេះ ស្របតាមតម្រូវការកើនឡើង សូមម្ចាស់គ្រឿងសំអាងទាំងអស់នោះ ត្រូវផ្សព្វផ្សាយការពិត អំពីផលិតផលរបស់ខ្លួនដែលបានចុះបញ្ជី និងម៉ាកដល់អ្នកប្រើប្រាស់ ដើម្បីបង្ហាញភាពត្រឹមត្រូវ និងទំនុកចិត្តដល់អតិថិជន ហើយការបង្ហោះលក់ ផលិតផលរបស់ខ្លួនតាមប្រព័ន្ធ Online ដែលមិនបានចុះបញ្ជី ផលិតផលិខុសច្បាប់ គ្មានការផលិតឱ្យបានត្រឹមត្រូវតាមស្តង់ដារ ឬផលិតផលក្លែងក្លាយបន្លំម៉ាក គឺជាការខុសច្បាប់។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់បន្ថែមទៀតថា កម្មសិទ្ធិបញ្ញាដែលយើងត្រូវការពារ ហើយជារឿងមួយដ៏សំខាន់ ព្រមទាំងគាំទ្រដល់វិស័យធុរកិច្ច ព្រមទាំងអ្នកដែលចេះច្នៃប្រឌិត ប្រើប្រាស់កម្លាំងកាយ កម្លាំងប្រាជ្ញា ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសិក្សាស្រាវជ្រាវផលិតផលរបស់ខ្លួនឡើង គឺម្ចាស់គំរបកំហើយនេះរំពឹងថានឹងបានការពារ និងគោរពកម្មសិទ្ធិបញ្ញារបស់ខ្លួន ដែលបានខិតខំរកឃើញ ដើម្បីជៀសវាងមានជនខិលខូចលួចចម្លងទាំងបំពាន ដែលជាចំណុចបង្អាក់ដល់ការច្នៃប្រឌិតនូវចរន្តបង្កើតផលិតផលថ្មី របស់អ្នកមានសមត្ថភាពផ្សេងៗទៀត។
ចំណែកលោកស្រី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានឱ្យដឹងថា បញ្ហាចំណីអាហារ និងឱសថ កំពុងតែមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសុខភាព របស់សាធារណជន ដែលទិញម្ហូបអាហារ និងថ្នាំពេទ្យទទួលទាន និងប្រើប្រាស់ប្រចាំថ្ងៃ ដែលមិនដឹងថា វាប៉ះពាល់ដល់សុខភាពរបស់ខ្លួន។ ដូច្នេះ តម្រូវឱ្យអ្នកលក់ និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ចំពោះការលក់ និងប្រើប្រាស់ផលិតផលគ្មាន ប្រភពច្បាស់លាស់ ឬផលិតផលក្លែងក្លាយលួចបន្លំម៉ាកជាដើម។ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានខិតខំផ្សព្វផ្សាយ ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបានយល់ដឹងពីវិស័យកម្មសិទ្ធិបញ្ញា។
លោកស្រី សេង វួចហ៊ុន បានបន្តថា ពេលដែលកម្មសិទ្ធិបញ្ញាត្រូវបានការពារដោយច្បាប់ការប្រកួតប្រជែង និងការបង្កើតគំនិតថ្មីៗ គាត់មានសកម្ម ភាពនៅក្នុងសង្គម។ ជាក់ស្ដែងការរីកដុះ ដាលនៃកម្មសិទ្ធិបញ្ញារបស់អាជីវកម្មខ្នាតតូច និងខាងមធ្យម គឺជាផ្នែកមួយដែលធ្វើឱ្យប្រទេសកម្ពុជា ថែរក្សាបាន នូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយ ក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាពិសេសធ្វើឱ្យការប្រកបរបរទទួលទាន មានការប្រកួតប្រជែងកាន់ តែខ្លាំងតែទាមទារឱ្យមានកិច្ចការពារដោយច្បាប់។
លោកស្រីមេធាវី បានបញ្ជាក់ថា កម្មសិទ្ធិបញ្ញា កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងមានការគាំទ្រ ពីស្ថាប័នពាក់ព័ន្ធ។ ការយល់ឃើញថាវិស័យចំណីអាហារ និងឱសថ ជាផ្នែកមួយដ៏សំខាន់ដែលជាឥទ្ធិពលដល់សង្គមខ្មែរបច្ចុប្បន្ន ហើយការធ្វើអាជីវកម្មលើវិស័យនេះ កំពុងមានការពាក់ព័ន្ធយ៉ាងខ្លាំង និងកម្មសិទ្ធិបញ្ញា។
ជាការពិតណាស់ កិច្ចការពារកម្មសិទ្ធិបញ្ញាសមស្របរបស់ក្រុមហ៊ុន ជាជំហានដ៏សំខាន់ក្នុងការកំណត់អំពីការរំលោភបំពាន និងការប្រែក្លាយគំនិតទៅជាទ្រព្យអាជីវកម្ម ដែលមានតម្លៃ។ ការទាញយកផលប្រយោជន៍ពេញលេញ ពីប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា អាចធ្វើឱ្យក្រុមហ៊ុន ទទួលបានចំណូលពីការបង្កើតថ្មី និងការច្នៃប្រឌិតរបស់ខ្លួន ដែលជាការលើកទឹកចិត្ត និងបង្កើនមូលធនដល់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។ មានផលិតផល ឬសេវាថ្មីៗជាច្រើន ដែលការពារក្រោមប្រភេទផ្សេងៗគ្នានៃកម្មសិទ្ធិបញ្ញា៕