(ព្រះសីហនុ)៖ ភ្ញៀវទេសចរចំនួន២០នាក់ ដែលស្ថិតនៅលើកប៉ាល់ Westerdam ក្នុងចំណោមអ្នកដែលស្ថិតនៅលើកប៉ាល់ជាង២០០០នាក់ ត្រូវបានអាជ្ញាធរអះអាងថា មានបញ្ហាសុខភាពបន្ដិចបន្ដួច ដូចជាក្រពះ ពោះវៀន និងរាករូសជាដើម ពោលមិនមានរោគសញ្ញាវីរុសកូរ៉ូណានោះទេ។
ទោះបីជាយ៉ាងនេះក្ដី និងដើម្បីឲ្យដឹងច្បាស់នោះ កំហាករបស់ពូកគេ ត្រូវបានមន្ដ្រីសុខាភិបាល និងមន្ដ្រីអង្គការសុខាពិភពលោក (WHO) យកទៅធ្វើតេស្ដទៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ដោយតាមឧទ្ធម្ភាគចក្រ ភ្លាមៗ នៅវេលាថ្ងៃត្រង់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
មន្រ្តីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News តាមបញ្ជាក់ពីអ្នកគ្រប់គ្រងកប៉ាល់ និងមន្ដ្រីសុខាភិបាលរបស់យើង ដែលបានចុះទៅពិនិត្យជាក់ស្ដែង ទៅលើភ្ញៀវទេសចរ និងអ្នកបម្រើការងារនៅលើកប៉ាល់ទាំងជាង២០០០នាក់ បានបង្ហាញថា មានតែមនុស្សប្រមាណ ២០នាក់ប៉ុណ្ណោះ ដែលមានបញ្ហាសុខភាពបន្ដិចបន្ដួច តែពាក់ព័ន្ធនឹងបញ្ហាក្រពះ ពោះវៀន និងរាករូសជាដើម មិនពាក់ព័ន្ធមេរោគកូរ៉ូណាទេ។
បើទោះបែបនេះក្ដីតាមការបញ្ជាក់ពីមន្រ្តីដដែលនេះ កំហាករបស់ពួកគេក៏ត្រូវបានដឹកយកទៅតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័រភ្លាមៗ ដើម្បីបញ្ជាក់ពីលទ្ធផលពិតប្រាកដ។ ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ ក៏បានប្រកាសអំពាវនាវ និងច្រានចោលព័ត៌មាន ឬក៏បណ្ដាញសង្គមមួយចំនួន ដែលដាក់ការសង្ស័យទៅលើវីរុសកូរ៉ូណា កើតមានលើក្រុមភ្ញៀវទេសចរខ្លះនាំឲ្យមានការយល់ច្រឡំ និងចលាចលដល់សង្គម។
ជាមួយគ្នានេះភ្ញៀវទេសចរទាំង២០នាក់ ក៏ត្រូវបានក្រុមមន្រ្តី ដាក់ឲ្យស្ថិតនៅបន្ទប់ដាច់ដោយឡែកនៅលើកប៉ាល់ផងដែរ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចូលសំចតនៅ កំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយ នេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ការអនុញ្ញតឱ្យនាវានេះចូលពីសំណាក់សម្តេចតេជោ ហ៊ុន សែន គឺបង្ហាញពីការលុបបំបាត់ នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។ សម្តេចតេជោបន្ថែមថា កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។
ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់ មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕