(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ស្នងការរងទាំងអស់ ត្រូវទទួលខុសត្រូវលើតួនាទី ភារកិច្ចតាមផែននីមួយៗ ជាពិសេសទទួលខុសត្រូវ ចំណុចខ្ពស់តាមផែនរបស់ខ្លួន ហើយណែនាំ អប់រំមន្រ្ដីរបស់ខ្លួនឲ្យមានការសាមគ្គីភាព និងរួបរួមគ្នា ដើម្បីទប់ស្កាត់បង្ការបញ្ហាផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ ដោយមានការឯកភាពពីលោក លោកស្រីស្នងការរទទួលផែន។
លោកស្នងការ បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំគណៈស្នងការស្ដីពី ការផ្សព្វផ្សាយផែនការសកម្មភាពការងាររបស់ស្នងការដ្ឋាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលមានវត្តមានចូលរួមពីមន្ត្រីនគរបាលពាក់ព័ន្ធទាំងអស់។
លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងទៀត ប្រសិនបើលោក-លោកស្រីស្នងការរងមានផែនការ ឬមានគម្រោងការងារសមកម្មភាពរបស់ខ្លួន គឺត្រូវធ្វើសំណើជូនខាងផែនភស្ដុភារ ដើម្បីឲ្យផែនភស្ដុភារ លើកយកគម្រោងសកម្មភាពការងារទាំងអស់នោះ សុំថវិកាសាមគ្គីរបស់ក្រសួងមហាផ្ទៃ យកមកដើម្បីចាត់ចែងអនុវត្ដការងារ។
លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានជំរុញឲ្យលោកលោកស្រីស្នងការរង ចុះប្រជុំផ្សព្វផ្សាយផែនការសកម្មភាពការងាររបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង ស្រុកដែលខ្លួនទទួលខុសត្រូវចាប់ពីថ្ងៃនេះតែម្ដង ដោយមានចូលរួមចាប់ពីថ្នាក់ប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ ដើម្បីដឹងពីបញ្ហាប្រឈម ឬបញ្ហាផ្សេងៗរបស់ប៉ុស្ដិ៍រដ្ឋបាល ដើម្បីរកវិធីដោះស្រាយឲ្យបានល្អប្រសើរ៕