(ព្រះវិហារ)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy និងសហការី បានអញ្ជើញចុះមកបំពេញទស្សនកិច្ចសិក្សា និងស្វែងយល់ពីសក្តានុពលរបស់ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
អញ្ជើញទទួលជួបសំដែងការគួរសមវត្តមានរបស់លោកឯកអគ្គរដ្ឋទូត ក្នុងឱកាសនោះគឺលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក គោ ស៊ុប៊ុនសឿត បានជម្រាបជូនលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីទីតាំងភូមិសាស្ត្រ សក្តានុពល និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះវិហារផងដែរ។
លោក គោស៊ុ ប៊ុនសឿត បានជម្រាបជូនឯកអគ្គរដ្ឋទូតសហរដ្ឋអារិក អំពីសក្តានុពល នៃវិស័យធនធានធម្មជាតិនៅក្នុងខេត្ត ក្នុងនោះទីតាំងធនធានធម្មជាតិចំនួន ៩កន្លែង ត្រូវបានអភិរក្សការពារ ពិសេសនៅភ្នំត្នោត និងភ្នំពក ក្នុងស្រុកសង្គមថ្មី ដែលមានជនជាតិអាមេរិកកាំងម្នាក់ បានលះបង់ខ្ពស់ចូលរួមការពារ និងអភិរក្ស។
ជាមួយគ្នានោះលោក គោ ស៊ុបុនសឿត បានសំណូមពរឲ្យលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ជួយទៅលើវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យវប្បធម៌នៅក្នុងខេត្ត ពិសេស គឺសំណូមពរឲ្យបញ្ជូននិស្សិតស្ម័គ្រចិត្តមកបង្រៀនភាសាអង់គ្លេស ដល់សិស្សានុសិស្សនៅខេត្តព្រះវិហារ។
ជាការឆ្លើយតបលោក W. Patrick Murphy បានថ្លែងថា កន្លងមកសហរដ្ឋអាមេរិក បានយកចិត្តទុកដាក់ជួយកម្ពុជាលើវិស័យអប់រំ និងវិស័យវប្បធម៌។ ជាមួយគ្នានោះ លោកសន្យាថា នឹងជួយបញ្ជូនវត្ថុបុរាណរបស់ខ្មែរ ពីអាមេរិកមកកម្ពុជាយើងវិញ។
លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងសរសើរ ពីការរីកចម្រើន និងការអភិវឌ្ឍន៍គ្រប់វិស័យរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកក៏បានថ្លែងនូវអំណរគុណអាជ្ញាធរខេត្តព្រះវិហារ ដែលបានទទួលស្វាគមន៍លោក និងសហការី យ៉ាងកក់ក្តៅផងដែរ។ លោកថា ការមកធ្វើទស្សនកិច្ចនៅខេត្តព្រះវិហារ គឺលោកបានទៅមើលប្រាសាទកោះកែរ ហើយថ្ងៃនេះនេះ លោក និងទៅមើលប្រាសាទព្រះវិហារបន្តទៀត៕