(ភ្នំពេញ)៖ លោក តុង សុប្រាជ្ញ ដែលជាអ្នកស្រាវជ្រាវសុខភាពសាធារណៈ បានលើកឡើងថា យុវវ័យខ្មែរនៅពេលបច្ចុប្បន្ន បានមាននិន្នាការប្រែប្រួលទៅរកភាពប្រក្រតីឡើងវិញ ជុំវិញថ្ងៃ១៤កុម្ភៈ ឬទិវានៃក្ដីស្រលាញ់។ លោកថ្លែងបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ទៅលើរបាយការណ៍របស់លោក ទៅលើឥរិយាបថរបស់យុវវ័យនៅក្នុងថ្ងៃ១៤ កុម្ភៈ។
អ្នកស្រាវជ្រាវរូបនេះបានឲ្យដឹងថា លោកបានចាប់ផ្ដើមសិក្សានិងស្រាវជ្រាវលម្អិតលើឥរិយាបថ របស់យុវវ័យចាប់តាំងពីឆ្នាំ២០០៧។ ជាលទ្ធផលនៃការស្រាវជ្រាវរបស់លោក បានរកឃើញថា យុវវ័យខ្មែរប្រមាណ១២ភាគរយ បានចាត់ទុកថ្ងៃ១៤ កុម្ភៈ ឬអំឡុងពេលនោះហៅម្យ៉ាងទៀតថា «បុណ្យសង្សារ» ជាថ្ងៃទទួល និងប្រគល់ខ្លួនប្រាណឲ្យទៅសង្សាររបស់ខ្លួន ដើម្បីបញ្ជាក់ពីក្ដីស្រលាញ់។
ការយល់ច្រឡំរបស់គូស្នេហ៍វ័យក្មេង ប្រមាណ១០ឆ្នាំមុននេះ ត្រូវបានអ្នកវិភាគបញ្ហាសង្គមល្បីឈ្មោះរូបនេះពន្យល់ឲ្យដឹងថា គឺបណ្ដាលមកពីការយល់ខុសអំពីប្រវត្តិ និងអត្ថន័យ នៃទិវានៃក្ដីស្រលាញ់ ខណៈដែលយុវវ័យនៅអំឡុងពេលនេះ ទើបទទួលបានដឹងពីទិវានេះថ្មីៗ។ ការភ័ន្តច្រឡំរបស់យុវវ័យនៅពេលនោះ បានបង្កឲ្យមានវិបត្តិ និងវិបដិសារីក្នុងជីវិត ជាពិសេសនារី ដែលធ្វើឲ្យមានជំងឺបាក់ទឹកចិត្ត និងបាត់បង់ឱកាសក្នុងការសិក្សា ជាពិសេស ការមានផ្ទៃពោះដោយចៃដន្យ និងការឆ្លងមេរោគអេដស៍ជាដើម។
យ៉ាងណាមិញលោក តុង សុប្រាជ្ញ ដែលបានស្រាវជ្រាវរយៈពេល៥ឆ្នាំម្ដង ដោយការចំណាយថវិកាផ្ទាល់ខ្លួននោះបានបន្ថែមទៀតថា មកទល់ឆ្នាំ២០១៩ និង២០២០នេះ ការស្រាវជ្រាវរបស់លោក បានរកឃើញថា យុវវ័យបច្ចុប្បន្ន មាននិន្នាការប្រែប្រួលលើថ្ងៃ១៤ កុម្ភៈ ដោយប្ដូរពីថ្ងៃ«បុណ្យសង្សារ» ទៅប្រើពាក្យថា«ទិវានៃក្ដីស្រលាញ់»។ មិនតែប៉ុណ្ណោះចំពោះភាគរយនៃការឆ្លៀតឱកាសនាំយកសង្សារទៅរួមភេទក្នុងឱកាសនោះ ក៏មានការថយចុះផងដែរ។ ពោលគឺធ្លាក់ចុះមកត្រឹម៥ភាគរយតែប៉ុណ្ណោះ។
ការធ្លាក់ចុះចំនួន៧ភាគរយនេះត្រូវបានលោក តុង សុប្រាជ្ញ មើលឃើញថា ជាសញ្ញាណវិជ្ជមានក្នុងការវិវត្តទៅរកភាពប្រក្រតីឡើងវិញរបស់យុវវ័យខ្មែរ ជុំវិញការយល់ឃើញខុសលើថ្ងៃ១៤ កុម្ភៈ។ ភាពល្អប្រសើរឡើងវិញនេះ ត្រូវបានអ្នកស្រាវជ្រាវខាងលើ ពន្យល់បន្ថែមថា ដោយសារតែស្ថាប័នក្រសួងពាក់ព័ន្ធដូចជាក្រសួងអប់រំ ក្រសួងវប្បធម៌ សារព័ត៌មាន សាលារៀន និងអាណាព្យាបាលសិស្ស បានផ្សព្វផ្សាយអប់រំ លើការភ័ន្តច្រឡំ និងពន្យល់អំពីវិធីសាស្រ្ត និងការពារខ្លួនដល់កូនៗ ក៏ដូចជាយុវវ័យឲ្យបានស្គាល់ច្បាស់ពិវប្បធម៌នៃទិវានេះ។ ដែលកន្លងមកមិនមែនតែប្រទេសកម្ពុជាប៉ុណ្ណោះទេដែលបានជួបបញ្ហានេះ សូម្បីតែប្រទេសថៃ បានជួបបញ្ហានេះ និងធ្ងន់ធ្ងរជាងកម្ពុជាមុនកម្ពុជាទៅទៀត។
កត្តានេះហើយបានជាលោក តុង សុប្រាជ្ញ បានយល់ឃើញជាវិជ្ជមានថា យុវវ័យកម្ពុជាអាចវិវត្តទៅរកភាពប្រក្រតីឡើងវិញលើទិវានៃក្ដីស្រលាញ់ ហើយបានប្ដូរមកធ្វើរឿងល្អៗដើម្បីជួយសង្គមវិញ។ តួរយ៉ាងដូចជាការជ្រើសរើសថ្ងៃ១៤ កុម្ភៈ ជាក្ដីចូលរួមបរិច្ចាគឈាម និងជាថ្ងៃផ្ដល់នូវក្ដីស្រលាញ់ ជាពិសេសដល់ឱពុកម្ដាយ បងប្អូន ឬប្ដីប្រពន្ធជាដើម៕