(ភ្នំពេញ)៖ អ្នកស្រាវជ្រាវសុខភាពសាធារណៈ លោក តុង សុប្រាជ្ញ បានធ្វើការស្រាវជ្រាវអស់រយៈពេលជាង១០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២០ ទៅលើការយល់ឃើញរបស់យុវវ័យនៅក្នុងថ្ងៃ១៤កុម្ភៈ។ អ្នកស្រាវជ្រាវរូបនេះ បានឲ្យដឹងថា កាលពីអំឡុង១០ឆ្នាំមុន យុវវ័យកម្ពុជារហូតដល់១២ភាគរយ បានចាត់ទុកថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបង្ហាញនូវក្ដីស្រលាញ់ ដោយបុរសជាសង្សារជូនការដូរ ឬផ្កា រីឯនារីជាសង្សារបានប្រគល់ខ្លួនប្រាណជាការតបស្នងទៅវិញ។
ការយល់ច្រឡំទៅលើអត្ថន័យនៃថ្ងៃ១៤ កុម្ភៈ បានធ្វើឲ្យយុវវ័យកម្ពុជានៅពេលនោះ បានហៅថ្ងៃនោះថាជាថ្ងៃ «បុណ្យសង្សារ» ហើយបានបង្កឲ្យមានវិប្បសារីជាច្រើនទៅលើយុវវ័យជាពិសេសស្រ្តី។ ដោយសារតែការមានផ្ទៃពោះដោយចៃដន្យ ការឆ្លងមេរោគអេដស៍ ដែលធ្វើឲ្យបាត់បង់ឱកាសសិក្សានិងបង្កទៅជាជំងឺបាក់ទឹកចិត្តជាដើម។
តែក្រោយពីមានការចូលរួមផ្សព្វផ្សាយអប់រំ យ៉ាងផុសផុលពីសំណាក់សារព័ត៌មាន ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងអប់រំ ក្រសួងវប្បធម៌ សាលារៀន អាណាព្យាបាលជាដើម ដែលបានណែនាំអំពីអត្ថន័យ និងវិធីសាស្រ្តនៃការការពារខ្លួនទៅកាន់កូនៗ ក៏ដូចជាយុវវ័យឲ្យបានយល់ដឹងកាន់តែច្បាស់អំពីថ្ងៃ១៤ កុម្ភៈ ឬហៅថា ទិវានៃក្ដីស្រលាញ់។
ការខិតខំប្រឹងប្រែងផ្សព្វផ្សាយ ណែនាំនេះបានធ្វើឲ្យភាគរយនៃការប្រគល់ខ្លួនប្រាណបង្ហាញពីភក្ដីស្នេហ៍របស់យុវវ័យ នៅពេលបច្ចុប្បន្នមានការធ្លាក់ចុះច្រើនគួរឲ្យកត់សម្គាល់។ ដោយការស្រាវជ្រាវរបស់អ្នកតាមដានបញ្ហាសង្គមរូបនេះ បានរកឃើញថា នៅតែ៥ភាគរយប៉ុណ្ណោះចំពោះទស្សនៈឆ្គាំឆ្គង លើវប្បធម៌ខ្មែរបស់យុវវ័យបច្ចុប្បន្ន។ ការធ្លាក់ចុះ ៧ភាគរយក្នុងរយៈពេល១០ឆ្នាំនេះបានធ្វើឲ្យ លោក តុង សុប្រាជ្ញ ជឿជាក់ថា យុវវ័យកម្ពុជានឹងឈានទៅរកភាពប្រក្រតីឡើងវិញ ទៅលើទង្វើមិនគប្បីនៅក្នុងថ្ងៃទិវានៃក្ដីស្រលាញ់។
តាមការស្រាវជ្រាវយុវវ័យបច្ចុប្បន្ន បានប្ដូរពីការបង្ហាញក្ដីស្រលាញ់តាមរយៈការប្រគល់ខ្លួនប្រាណ បានងាកមកការបង្ហាញក្ដីស្រលាញ់ទៅកាន់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ បងប្អូនមិត្តភ័ក្តជាដើម។ ក្រៅពីនេះយុវវ័យកម្ពុជាក៏ងាកមកចាប់អារម្មណ៍លើការងារសង្គម ដូចជាការបរិច្ចាគឈាមថែមទៀតផង។
កត្តាទាំងអស់នេះ បានធ្វើឲ្យលោក តុង សុប្រាជ្ញ ដែលជាអ្នកវិភាគបញ្ហាសង្គមដ៏ល្បីឈ្មោះមួយរូប មានក្ដីសង្ឃឹមថា ស្ថានភាពយុវវ័យខ្មែរលើថ្ងៃ១៤ កុម្ភៈនេះ នឹងអាចវិលត្រឡប់ទៅរកភាពបប្រក្រតីឡើងវិញ។ តែលោកនៅតែបន្តអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តការផ្សព្វផ្សាយអប់រំណែនាំដល់យុវវ័យ ឲ្យមានការយល់ដឹងកាន់តែច្បាស់ពីអត្ថន័យនៃទិវានៃក្ដីស្រលាញ់នេះ។ ដើម្បីធ្វើយ៉ាងណាបង្ការគ្រោះថ្នាក់ នៃការយល់ច្រឡំលើអត្ថន័យនៃទិវានេះដូចអំឡុងពេល១០ឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា បញ្ហានេះមិនមែនកើតឡើងតែប្រទេសកម្ពុជានោះ ប៉ុន្តែប្រទេសជិតខាងកម្ពុជា ជាពិសេសប្រទេសថៃ បានជួបបញ្ហានេះធ្ងន់ធ្ងរជាងប្រទេសកម្ពុជាទៅទៀត ហើយមកទល់បញ្ហាបច្ចុប្បន្នប្រទេសជិតខាងកម្ពុជា ក៏មានការធ្លាក់ចុះនូវទង្វើឆ្គាំឆ្គង ក្នុងឱកាសថ្ងៃទិវានៃក្ដីស្រលាញ់នេះផងដែរ៕