(ភ្នំពេញ)៖ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើកឡើងថា ផលប៉ះពាល់ដែលបង្កឡើង ដោយការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» របស់អឺរ៉ុបផ្តល់ឲ្យកម្ពុជា មាន២០ភាគរយនៃទំនិញនាំចេញទៅអឺរ៉ុប ដែលមានតម្លៃប្រហែល១០០លានដុល្លារ ក្នុង១ឆ្នាំ។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ទៀតថា ការបាត់បង់ការអនុគ្រោះ២០ភាគរយ ដែលមានតម្លៃស្មើនឹងប្រហែល១០០លានដុល្លារនេះ មិនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាថមថយខ្លាំង ឬដួលរលំនោះទេ។
លោក ច័ន្ទ សុផល បានសរសេរក្នុង Facebook ផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ យ៉ាងដូច្នេះថា «ឥឡូវកម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុប ចំនួន២០% នៃទំនិញនាំចេញសរុបទៅសហគមន៍នោះ ដោយ៨០%ទៀតនៅរួចពន្ធដដែល។ តាមការវាយតម្លៃជាបឋមរបស់ខ្ញុំ ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល១០០លានដុល្លារក្នុង១ឆ្នាំ។ បរិមាណនេះមិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ វាត្រូវជា១.១% នៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងសរុប។ វាត្រូវជា១.២% នៃចំណាយថវិកាជាតិ និងត្រូវជា០.៣៥% នៃផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ»។
បើតាមលោក ច័ន្ទ សុផល ចាត់ទុកថា ការបាត់បង់ការអនុគ្រោះពន្ធ២០ភាគរយពីអឺរ៉ុបនេះ ជាឱកាសល្អទៅវិញ ឱកាសល្អត្រង់ថានឹងជួយកម្ពុជា ចាប់ផ្តើមចេះរៀនរស់ដោយគ្មានភាពអនុគ្រោះពន្ធជាបណ្តើរៗ ខណៈ៥ឆ្នាំទៀតកម្ពុជានឹងត្រូវបង់ពន្ធឲ្យអឺរ៉ុប១០០ភាគរយ នៅពេលកម្ពុជារើខ្លួនរួច ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។
លោកលើកឡើងថា «ខ្ញុំយល់ថា វាជាឱកាសល្អសម្រាប់កម្ពុជា (ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ) ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេ ជាបណ្តើរៗ ព្រោះថា៥ឆ្នាំទៀត គេនឹងតម្រូវឱ្យបង់ពន្ធ១០០% ហើយខណៈដែលកម្ពុជាជាក់ច្បាស់ថា បានរីកចម្រើនឡើងផុតពីចំណោមប្រទេស ដែលមានការអភិវឌ្ឍតិចតួច (Least Developed Countries - LDCs)។ ភាពអនុគ្រោះពន្ធនេះ គេឱ្យសម្រាប់តែប្រទេស LDCs ដែលបច្ចុប្បន្ននេះ មានចំនួន៤៨ ក្នុងចំណោមជាង២០០ប្រទេស ក្នុងពិភពលោកទាំងមូល។ ម្នាក់ៗតែងតែចង់ឱ្យប្រទេសខ្លួនឡើង ជាប្រទេសមានចំណូលមធ្យម និងចំណូលខ្ពស់។ ដូចនេះ យើងត្រូវតែខំប្រឹងប្រែងទាំងអស់គ្នាឡើង»។
សូមជម្រាបថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុបបានចេញ សេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា សម្រាប់ផលិតផលខ្លះ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និងស្ករអំពៅ។
ភ្លាមៗបន្ទាប់ពីសេចក្តីសម្រេចរបស់អឺរ៉ុបត្រូវបានចេញផ្សាយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។
ក្រសួងការបរទេសបានបញ្ជាក់ថា៖ «សេចក្តីសម្រេចនេះ មិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុប ជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។ ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់ «វឌ្ឍនភាពជាក់ស្តែង» ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរ ដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»។
សូមជម្រាបថា សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ នឹងចូលជាធរមាននៅរយៈពេល៦ខែខាងមុន ប្រសិនបើសភាអឺរ៉ុបមិនជំទាស់នោះ។ ការកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA មិនមែនជាការបិទទីផ្សារផលិតផលរបស់កម្ពុជានោះទេ គឺគ្រាន់តែជាការគិតពន្ធលើផលិតផលរបស់កម្ពុជា ចូលទីផ្សារអឺរ៉ុបប៉ុណ្ណោះ៕