(ភ្នំពេញ)៖ នារីម្នាក់បានស្លាប់ បន្ទាប់ពីបើករថយន្ដទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់នៅគល់ស្ពានអាកាសស្ទឹងមានជ័យ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៖២០យប់ ចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមាទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីព្រះមុន្នីរ៉េត ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក MAZDA2 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-6626 បើកបរដោយនារីរងគ្រោះខាងលើក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករបាំងថ្មពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដក្រឡាប់បោកទៅនឹងថ្នល់ ធ្វើឲ្យអ្នកបើកបររងរបួលហូរឈាម ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ តែដោយសារតែរបួសធ្ងន់ធ្ងរពេក បណ្ដាលឲ្យនារីខាងបានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងដើម្បីស្ទូចយករថយន្ដខាងលើយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ រង់ចាំដោះស្រាយនៅពេលក្រោយ។
ដោយឡែកសពនារីរងគ្រោះសមត្ថកិច្ច ធ្វើការទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកទទួលយកសពយកទៅធ្វើបុណ្យ តាមប្រពៃណីផងដែរ៕