(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ មានការជួបប្រជុំពិសេសមួយដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទេសចរណ៍ និងថ្នាក់ដឹកនាំរបស់សមាគមន៍ឧស្សាហកម្មទេសចរណ៍ទាំងអស់។
ក្នុងកិច្ចប្រជុំ បានឯកភាពដាក់ចេញផែនការសកម្មភាពមួយដោយមានដាក់ចេញជាវិធានការរយៈពេល ខ្លី និងវែង ដោយផ្តោតលើគោលដៅយុទ្ធសាស្ត្រចំនួន៤ អមជាមួយសកម្មភពការងារ ចំនួន៧៦។
យោងតាមលោមរដ្ឋមន្រ្តី គោលដៅយុទ្ធសាស្រ្តទាំង៤ មានដូចខាងក្រោម៖
ទី១៖ ធ្វើឲ្យកាន់តែប្រសើរឡើងនូវរូបភាពគោលដៅទេសចរណ៍កម្ពុជា គឺជាគោលដៅសុវត្ថិភាព
ទី២៖ ជម្រុញចលនាទេសចរណ៍ក្នុងស្រុក
ទី៣៖ បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់ (Connectivity) ពីទីផ្សារទេសចរណ៍គោលដៅ
ទី៤៖ បង្កើតឧត្តមភាពប្រកួតប្រជែងនៃឧស្សាហកម្មទេសចរណ៍
ទន្ទឹមនឹងនោះ ដើម្បីឆ្លើយតបនឹងសកម្មភាពទី១ នៃគោលដៅយុទ្ធសាស្ត្រទី១ គឺអង្គប្រជុំបានអនុម័តសេចក្តីណែនាំ (recommendation) ចំនួន ០៦ សម្រាប់ការអប់រំ វិធានការបង្កា និងទប់ស្កាត់ការឆ្លងវីរុសដល់ មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងនោះរួមមាន៖
* សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់ការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍
* សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
* សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់សម្រាប់មគ្គុទេសក៍ទេសចរណ៍ (Tour Guides) និងអ្នកនាំភ្ញៀវ ( Tour Leaders)
* សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី
* សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកម៉ាស្សា និងអ្នកគ្រប់គ្រងស្ប៉ា-ម៉ាស្សា
* សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19)សម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មទេសចរណ៍ ផងដែរ។
តាមរយៈសេចក្តីណែនាំនេះ ក្រសួងទេសចរណ៏ នឹងសហការជាមួយក្រសួងសុខាភិបាល រៀបចំបណ្តុះបណ្តាលជនបង្គោល យ៉ាងតិច១នាក់ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៏នីមួយៗ។ ដោយឡែកក្រសួងទេសចរណ៍នឹងរៀបចំអោយមានក្រុមការងារគ្រប់គ្រងវិបត្តិ ថ្នាក់ក្រសួង ក្រុម Task forces មួយចំនួន ដែលដឹកនាំដោយរដ្ឋលេខាធិការ ឬ អនុរដ្ឋលេខា និងក្រមមន្ត្រីជំនាញ និងមានក្រុមការងារគ្រប់គ្រងវិបត្តិ តាមរាជធានី ខេត្ត។
តាមការគ្រោងទុក ក្រសួងទេសចរណ៏ គ្រោងនឹងដាក់ផែនការសកម្មភាពនេះជូនទៅ គណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងគោរព ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ សម្រេច សំដៅទ្រទ្រង់ដល់វិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្មី (Covid-19) នេះអោយបានទាន់ពេល និងក្រោយដំណាក់កាលវិបត្តិឲ្យមានប្រសិទ្ធភាព៕