(ភ្នំពេញ)៖ ក្រោយពីមានការលើកឡើងនូវគំនិតយោបល់ស្នើឱ្យមានការបន្ថែមផលិតផលទេសចរណ៍ថ្មីៗមួយចំនួនទៀត ទៅក្នុងកញ្ចប់ទស្សនកិច្ចទេសចរណ៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលចង់មកទស្សនាកម្សាន្តនៅកម្ពុជារួចមក លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រភ្លាមចំពោះការរួមចំណែករិះរកវិធីបង្កើនការទាក់ទាញភ្ញៀវពីក្រៅប្រទេសនេះ។
ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការ «កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១» នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា (CTF) បានលើកឡើងពីមតិយោបល់ថា កម្ពុជាគួរតែបន្ថែមផលិតផលទេសចរណ៍ថ្មីៗមួយចំនួនទៀត សម្រាប់ណែនាំប្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលចង់មកលេងកម្សាន្តប្រទេសកម្ពុជា ដូចជា កីឡាទេសចរណ៍វាយកូនគោល ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍ទន្តសុខភាព (សុខភាពមាត់ធ្មេញ) ជាដើម ដោយឃើញថាបច្ចុប្បន្នមានភ្ញៀវទេសចរច្រើនទៅៗ ដែលចាប់អារម្មណ៍ចំពោះផលិតផលទេសចរណ៍ទាំងនេះ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ដោយស្នើឱ្យមានការពិភាក្សាគ្នារវាងផ្នែករដ្ឋ និងឯកជន លើការបញ្ចូលផលិតផលទេសចរណ៍ទាំងនេះ ទៅក្នុងកញ្ចប់ទស្សនកិច្ចទេសចរណ៍។
លោកបានថ្លែងថា ចំពោះកីឡាទេសចរណ៍វាយកូនគោល កម្ពុជាមានកន្លែងរួចជាស្រេចសម្រាប់រៀបចំជូនភ្ញៀវទេសចរ ហើយភ្ញៀវទេសចរដែលមកតាមកញ្ចប់ទស្សនកិច្ចនេះ គឺហ៊ានចំណាយច្រើនជាងដំណើរទេសចរណ៍ធម្មតា ដែលនឹងជាប្រយោជន៍បន្ថែមទៀតសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។
រីឯទេសចរណ៍ម្ហូបអាហារវិញ កម្ពុជាក៏មានម្ហូបអាហារច្រើនសម្បូរបែប ដែលអាចធ្វើជូនភ្ញៀវទេសចរបានភ្លក្ស ទទួលទាន ព្រមទាំងអាចឱ្យពួកគេទស្សនា និងរៀនពីរបៀបចម្អិន ក៏ដូចជាស្វែងយល់ពីវប្បធម៌ និងប្រវត្តិនៃម្ហូបអាហារនីមួយៗផងដែរ។
លោក លូ ម៉េង បានបន្ថែមដែរថា ចំពោះទេសចរណ៍ម្ហូបអាហារនេះ មានភ្ញៀវខ្លះសុខចិត្តជិះយន្តហោះពីប្រទេសជិតខាង ដើម្បីមកភ្លក្សរសជាតិម្ហូបអាហារខ្មែរ ដែលពិតជាធ្វើឱ្យគេរីករាយយ៉ាងខ្លាំងចំពោះរសជាតិម្ហូបអាហាររបស់ខ្មែរ។ លោកថា ព្រឹត្តិការណ៍នេះទៀតសោត ក៏ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ និងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវទេសចរអន្តរជាតិផងដែរ។
ចំពោះទេសចរណ៍ទន្តសុខភាព ក៏កម្ពុជាមានចំណុចល្អច្រើនជាប្រទេសដទៃផងដែរ ដោយលោករដ្ឋមន្ត្រី ថោង ខុន និងលោក លូ ម៉េង បានលើកឡើងពីចំណុចល្អៗសម្រាប់ការព្យាបាល និងថែទាំសុខភាពមាត់ធ្មេញរបស់ប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផងដែរ។
ដែលនេះជាសក្ដានុពលផលិតផលទេសចរណ៍ថ្មីៗ និងមានភាពចាំបាច់ ដែលកម្ពុជាត្រូវរៀបចំដាក់បញ្ចូលក្នុងកញ្ចប់ទស្សនកិច្ចទេសចរណ៍របស់ខ្លួន សម្រាប់ណែនាំជូនភ្ញៀវទេសចរ៕