(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំកសាងគោលគំនិតសម្រាប់រៀបចំយុទ្ធសាស្ដ្រ ២០៣០ ដើម្បីត្រៀមលក្ខណៈជាស្រេច ក្នុងការចូលចំណែកសង្គ្រោះជីវិត និងដោះស្រាយបញ្ហាប្រឈមនានា ដូចជា គ្រោះមហន្ដរាយទឹកជំនន់ គ្រោះរាំងស្ងួត និងព្យុះ ឬកន្ដ្រាក់ជាដើម ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះបំផុត។ ជាពិសេស ការប្រែប្រួលអាកាសធាតុ និងភាពបង្កឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោកយើងនេះ ។
កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកុម្ពៈ ឆ្នាំ២០២០ មានការអញ្ជើញចូលរួមពីមន្ដ្រីសាខាកកាកបាទក្រហមកម្ពុជាទូទាំង ២៥ខេត្ដ-ក្រុង ដែលដឹកនាំរៀបចំដោយ លោកស្រី ពុំ ច ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងលោក យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា។
ជំហានក្នុងការកសាងយុទ្ធសាស្រ្ត ២០៣០ របស់កាកបាទក្រហមកម្ពុជា ដើម្បីស្វែងរកយុទ្ធសាស្ដ្រ ដែលផ្ដល់នូវទិសដៅសម្រាប់កាកបាទក្រហមកម្ពុជាទាំងថ្នាក់កណ្ដាល សាខា-អនុសាខា កំណត់អាទិភាពការងារក្នុងការឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្ដែង នៃភាពងាយរងគ្រោះ ធ្វើឱ្យសេវាកម្មមនុស្សធម៌របស់ខ្លួន បានកាន់តែប្រសើរជាងមុន ក្នុងការជួយពលរដ្ឋងាយរងគ្រោះបានកាន់តែច្រើនជាងមុន និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាងមុនផងដែរ។
លើសពីនោះ ការដើរទន្ទឹមជាមួយនឹងការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្ដិការឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ នៅក្នុងចលនាកាកបាទក្រហម ក៏ដូចជាជាមួយប្រតិបត្ដិករនៅក្រៅចលនាកាកបាទក្រហម។ ជាមួយគ្នានោះ ស្របទៅតាមទស្សនវិស័យរបស់កាកបាទក្រហមកម្ពុជា គឺការរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ។
កាកបាទក្រហមកម្ពុជា ជាសមាគមជាតិនាំមុខក្នុងវិស័យមនុស្សធម៌ បានប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ដើម្បីបន្ដជួយដល់ជនងាយរងគ្រោះបំផុត តាមរយៈការគ្រប់គ្រងគ្រោះមហន្ដរាយ, សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍។ បេសកកម្មម នុស្សធម៌នេះ បានលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរសម្រាប់ប្រជាជន មិនឱ្យអត់ឃ្លាន ទទួលបានការអប់រំ និងជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋតាមរយៈរូបភាពផ្សេងៗ រួមទាំងការផ្ដល់ប្រាក់កម្ចីខ្នាតតូចជូនពលរដ្ឋផងដែរ។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ៕