(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ លោកស្រី លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស (Mrs. Liurka Rodriguez Barriose) ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបាចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី បានស្វាគមន៍ និងអបអរសាទរចំពោះ លោកស្រី លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចបន្តថា កម្ពុជា-គុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ គឺនៅតែប៉ុន្មានខែទៀតប៉ុណ្ណោះគម្រប់៦០ឆ្នាំហើយ។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់រហូតដល់ពេលបច្ចុប្បន្ន។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយនិងគាំទ្រនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហាអំណាច មួយចំនួននាទសវត្ស៨០ មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ។
លោកស្រី លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភាបានចំណាយពេលវេលា ទទួលជួបសវនាការជាមួយលោកស្រី នាឱកាសនេះ។ លោកស្រី បានអរគុណរដ្ឋសភា ដែលតែងជំរុញលើកកម្ពស់មិត្តភាពកម្ពុជា-គុយបា ឲ្យរឹងមាំជាលំដាប់ ពិសេសតាមរយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា។
លោកស្រីបានលើកឡើងថា ចំណងមិត្តភាពកម្ពុជាគុយបា ក្នុងរយៈពេល៦០ឆ្នាំមកនេះ មិនមែនត្រឹមជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលប្រទេសទំាងពីរបានធ្វើកិច្ចការជាច្រើនរួមគ្នា។ លោកស្រីឯកអគ្គរដ្ឋទូត លើកឡើងថា លោកស្រីមានកិត្តិយសណាស់ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ប្រទេសទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ រដ្ឋសភាកម្ពុជាគាំទ្របេសកកម្មការទូតរបស់ លោកស្រី លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឱ្យការងារការទូតរបស់លោកស្រីប្រ ចាំកម្ពុជាទទួលបានជោគជ័យ ៕