(ភ្នំពេញ)៖ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សហមគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈនេះ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចពាក់ព័ន្ធបញ្ហា EBA នៅកម្ពុជាហើយ ដោយបានកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ ពីទំហំទឹកប្រាក់ដែលត្រូវបានខាតបង់ពីការកាត់ EBA នៅឡើយទេ ដោយកំពុងគណនាតាមលេខកូដនីមួយៗ។
លោក ម៉ូនីកា អាចត្រឹមបញ្ជាក់ថា វិស័យដែលប៉ះពាល់ដោយការកាត់ផ្នែកខ្លះនៃ EBA គឺវិស័យកាត់ដេរសម្លៀកសំលៀកបំពាក់, វិស័យផលិតស្បែកជើង និងផលិតផលសម្រាប់ធ្វើដំណើរ ប៉ុន្តែផលិតសម្រាប់ធ្វើដំណើរនេះប៉ះពាល់តិចតួចប៉ុណ្ណោះ ព្រោះទីផ្សារធំរបស់កម្ពុជា គឺអាមេរិក។
លោកអគ្គលេខាធិការរងបានបញ្ជាក់ថា វិស័យផលិតកង់នៅកម្ពុជា បានរួចផុតពីការកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនេះអាចចាត់ទុកថា ជាការគាំទ្រការធ្វើពិពិធកម្មនៃការផលិតរបស់កម្ពុជា។
បើទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ពីការត្រៀមខ្លួនចំពោះការបាត់បង់ EBA នេះរួចហើយ និងប្រកាសមិនចុះញ៉មចំពោះការខាតបង់ EBA នេះឡើយ។
ថ្លែងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហា EBA សម្តេចមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយ សូមឲ្យអឺរ៉ុបទុក EBA នោះទេ សិទ្ធិសេរីភាពនៅលើដៃរបស់អឺរ៉ុប ចង់ដក ឬទុក EBA ជាការសម្រេចរបស់អឺរ៉ុប។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនៅតែបញ្ជាក់ថា «ខ្ញុំមិនយកឯករាជ្យ អធិបតេយ្យជាតិរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់។ សូមប្រជាពលរដ្ឋកម្ពុជា គិតឲ្យច្បាស់ថា តើពេលនេះកម្ពុជាត្រូវការអ្វីពិតប្រាកដ? កម្ពុជាត្រូវការសន្តិភាព មិនអាចឲ្យអ្នកណាមកបំផ្លាញសន្តិភាពបានទេ បើទោះបីបង់ថ្លៃប៉ុណ្ណាក៏ដោយចុះ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ កម្មការិនី សុំកុំមានភាពតក់ស្លុត ចំពោះបញ្ហា [EBA] ដែលអាចកើតមាននាពេលខាងមុខ ព្រោះរាជរដ្ឋាភិបាល ត្រៀមលក្ខណៈដោះស្រាយហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «បើសិនមានរឿងអ្វីកើតឡើង សុំកុំស្លន់ស្លោទាក់ទងនឹងការសម្រេចចិត្តរបស់អឺរ៉ុប យ៉ាងម៉េចកុំមានការតក់ស្លុតឲ្យសោះ យើងត្រូវពឹងលើការដកដង្ហើបខ្លួនឯង»៕